Sunday, 18 September 2016

ដំណក់ទឹកភ្នែកនិងមេឃពណ៍ស្វាយ


នាថ្ងៃមួយ ព្រះអង្គម្ចាស់តូចដែលឋិតក្នុងវ័យកុមារនៅឡើយទ្រង់ក្លែងធ្វើជា រាស្ត្រសាមញ្ញម្នាក់លួចចេញទៅដើរលេងតាមតំបន់សំខាន់នានានៅទូទាំងនគរ ដូចជាទៅភាគខាងលិចដើម្បីគយគន់ពួកទេពអប្សរ... ទៅព្រៃភាគខាងត្បួនដើម្បីសួរសុខទុក្ខបណ្តាគ្រូធ្មប់... ទៅព្រៃភាគខាងកើតដើម្បីក្រសាលជាមួយបណ្តាសត្វនានា... ទៅព្រៃភាគខាងជើង ដើម្បីសួរសុខទុក្ខមនុស្សក្រិន... ទៅស្តួបអនុស្សាវរីយ៍នៃពពកតូចជាដើម។ ព្រះអង្គម្ចាស់តូចបានចំណាយពេលអស់ជាច្រើនថ្ងៃក្នុងការយាងកម្សាន្តសួរសុខទុក្ខប្រជារាស្ត្រលើកនេះ។ ដល់ពេលត្រូវត្រឡប់ចូលព្រះរាជវាំងវិញ ព្រះអង្គម្ចាស់តូចបានសម្រេចចិត្តយាងឆ្លងកាត់ទីផ្សារនៅក្នុងក្រុងដែលើនៅទីនោះ ព្រះអង្គបានជួបនឹងកុមារីម្នាក់កំពុងតែឈរយំខ្សឹបខ្សួលនៅក្បែររបងតែម្នាក់ឯង ដែលខ្លួនប្រាណរបស់នាងត្រឡាក់ធូលីស្រមក។
     
ព្រះអង្គម្ចាស់តូច សួរដោយចម្លែកក្នុងព្រះទ័យ...
      "សួរស្តី! ហេតុអ្វីបានជានាងឈរយំនៅត្រង់នេះអញ្ចឹង? "
      "ម្តាយរបស់ខ្ញុំស្លាប់បាត់ទៅហើយ ឪពុករបស់ខ្ញុំបានរៀបការជាមួយម្តាយចុងថ្មី... " ក្មេងស្រីឆ្លើយតបដោយសំឡេងរអាក់រអួល។
      "ល្អទេតើ!... នាងនឹងបានម្តាយចុងនោះ ជួយមើលថែជំនួសម្តាយរបស់នាងវិញ " ព្រះអង្គម្ចាស់តូចមានបន្ទូល។
      "ប៉ុន្តែម្តាយចុងនោះចិត្តអាក្រក់ណាស់  គាត់នឹងកូនស្រីរបស់គាត់នាំគ្នាធ្វើបាបខ្ញុំរាល់ថ្ងៃ!​​​​​​​​​​​​​​​​​​​​​​​​​​​​​​" កុមារីតបដោយសំឡេងយំខ្សឹបខ្សួល។
      "ខ្ញុំយល់ហើយថា ហេតុអ្វីបានជានាងយំ! " ព្រះអង្គម្ចាស់តូចញញឹម "ខ្ញុំមានរឿងនិទានមួយនិយាយឲ្យនាងស្តាប់ រឿងនិទាននេះ ម្តាយរបស់ខ្ញុំតែងនិយាយឲ្យខ្ញុំស្តាប់មុនពេលចូលគេងជានិច្ច... "
      កុមារីដែលនៅលើថ្ពាល់ជោកជាំដោយទឹកភ្នែកនោះ បានសម្លឹងមើលព្រះអង្គម្ចាស់តូចដោយចម្លែកនៅក្នុងចិត្ត ប៉ុន្តែនាងនៅឈរស្តាប់រឿងនិទានដែលព្រះអង្គម្ចាស់និទានដោយយកចិត្តទុកដាក់។
      "​នាងដឹងទេថា តើផ្ទៃមេញពណ៌ខៀវស្រងាត់ វាស្រស់ស្អាតដល់កម្រិតណា?" ព្រះអង្គម្ចាស់លើកសំណួរ ឯក្មេងស្រីក៏ងក់ក្បាលយល់ព្រម។
      "មានសត្វទន្សាយមួយក្បាល វាចូលចិត្តផ្ទៃមេឃពណ៌ខៀវស្រងាត់ភ្លឺថ្លានេះខ្លាំងណាស់ ប៉ុន្តែមកដល់ថ្ងៃមួយស្រាប់តែវាឃើញផ្ទៃមេឃប្រែប្រួលទៅជាមិនស្រស់ថ្លា ដូចសព្វមួយដងសោះ ពេលនោះវាតក់ស្លុតជាខ្លាំង រត់ឆ្លេឆ្លាទៅនេះបន្តិចទៅនោះបន្តិចដើម្បីរកមើលថា តើផ្ទៃមេឃវានឹងប្រែប្រួលទៅជាយ៉ាងណាទៀត? មិនត្រឹមតែប៉ុណ្ណោះ វាបានយំស្រែកសំឲ្យមេឃដ៏ស្រស់ថ្លានោះវិលត្រឡប់មកវិញ... ប៉ុន្តែទោះបីជាវារត់ទៅខាងណា ឬវាខំយំស្រែកយ៉ាងណាក៏ដោយ ក៏ទន្សាយនៅតែឃើញថាផ្ទៃមេឃមិនស្រស់ថ្លាភ្លឺស្រឡះដូចកាលដែលវាធ្លាប់ឃើញពីមុននោះជាដដែល... ផ្ទុយទៅវិញពេលទន្សាយកាន់តែខូចចិត្តប៉ុណ្ណាវាសង្កេតឃើញថា ផ្ទៃមេឃកាន់តែអួរអាប់ប៉ុណ្ណឹងដែរ... ហេតុនេះទើបទន្សាយរស់នៅដោយក្តីអស់សង្ឃឹម នឹងពុំមានសេចក្តីសុខទាល់តែសោះ... វាគិតថា ខ្លួននឹងគ្មានឱកាសបានឃើញផ្ទៃមេឃពណ៍ខៀវស្រងាត់ថ្លាដូចពីមុនទៀតទេ... "
      កុមារីសួរដោយងឿងឆ្ងល់ "តើទន្សាយនោះវាកើតទុក្ខរហូតឬ?"
      ព្រះអង្គម្ចាស់តូចសម្លឹងមើលកុមារី រួចហើយនិយាយបន្តថា... "ក្នុងពេលដែលសត្វទន្សាយកំពុងតែអស់សង្ឃឹមនោះឯង ស្រាប់តែមានទន្សាយទេពអប្សរមួយអង្គបង្ហាញខ្លួនចេញមកបានជួយឲ្យផ្ទែមេឃត្រឡប់មករកភាពស្រស់ថ្លាដូចដើម ធ្វើឲ្យទន្សាយត្រឡប់មកមានសេចក្តីសុខឡើងវិញ"
      ក្មេងស្រីសួរដេញដោលដោយយកចិត្តទុកដាក់...
      "តើទេពអប្សរគាត់ធ្វើយ៉ាងម៉េចទៅ?"
      "ទេពអប្សរធ្វើបែបនេះនោះអី! " ព្រះអង្គម្ចាស់តូចឆ្លើយ ដោយយកដៃទៅជូតទឹកភ្នែកឲ្យក្មេងស្រី រួចហើយមានបន្ទូលថា"ធ្លាប់ពិនិត្យមើលទេ មិនថាមានព្យុះភ្លៀងខ្លាំងក្លាប៉ុណ្ណា ក៏នៅទីបំផុតមេឃនឹងត្រឡប់មករកភាពស្រឡះឡើងវិញមិនខាន...ដូចនេះហេតុអីយើងត្រូវបណ្តោយឲ្យទឹកភ្នែកមកបិទបាំងភាពស្រស់ស្អាតរបស់ផ្ទៃមេឃទៅកើត? " ព្រះអង្គម្ចាស់មានព្រះបន្ទូលជាមួយស្នាមញញឹមតិចៗ។
      "អរគុណអ្នកខ្លាំងណាស់!" ក្មេងស្រីពោលដោយសម្តីស្រស់ស្រាយ "បើកាលណាផ្ទៃមេឃអាចឆ្លងកាត់ព្យុះភ្លៀងនិងនៅតែស្រស់ថ្លាបាន ខ្ញុំក៏ត្រូវតែអាចឆ្លងកាត់នូវរឿងរ៉ាវអាក្រក់ៗទាំងនេះឲ្យបានដូចគ្នាដែរ!... "
      "អឺ... សំណាងល្អណា៎កុមារី" ព្រះអង្គម្ចាស់តូចជូនពរ "អឺ! ប៉ុន្តែខ្ញុំនៅតែមិនទាន់បានស្គាល់ឈ្មោះនាងនៅឡើយទេ! "
      "ខ្ញុំឈ្មោះ ស៊ិនដេរីឡា" ក្មេងស្រីឆ្លើយតប ហើយនាងក៏ដើរចូលបាត់ខ្លួនទៅក្នុងហ្វូវមនុស្សដែលដើរទៅដើរមកនៅក្នុងផ្សារនោះទៅ។"ស៊ិនដេរីឡា... ខ្ញុំនឹងចងចាំនាង!" ព្រះអង្គម្ចាស់មានបន្ទូលខ្សឹបៗនៅក្នុងចិត្ត រួចក៏ធ្វើដំណើរយាងត្រឡប់ទៅកាន់ព្រះរាជវាំងវិញ។
ក្រោយភ្លៀងមេឃស្រឡះ... ទុក្ខក៏មិនមែនចេះតែទុក្ខជាដដែលអ្វីដែរ
ទុក្ខខ្លះអាចមិនមែនកើតពីខាងក្រៅអ្វីទេ (ជួនកាលយើងមិនបានសង្កេត)
តែវាអាចកើតចេញពីភាពទុទិដ្ឋិនៅក្នុងចិត្តរបស់យើងតែប៉ុណ្ណោះ។

អត្ថបទនេះមានក្នុងសៀវភៅ ៖និទានវិញ្ញាណទិព្វ ភាគ១

No comments:

Post a Comment