Sunday, 18 September 2016

តើ គ្រីស្តុហ្វ កូឡុមប៍ គិត​ថា​ផែន​ដី​មាន​រូប​រាង​បែប​ណា?

កូឡុមប៍ មិនដែលគិតថាផែនដីមានរាងមូលនោះទេ  គេគិតថាវាមានរាដូចជាផ្លែ ព័រ (Poire) និងមានទំហំ 1/4 នៃទំហំពិតប្រាកដរបស់ផែនដី។
        ទោះបីជាគេមានកេរ្តិ៍ឈ្មោះល្បីក្នុងរយៈពេលក្រោយមកក៏ដោយ  តែការធ្វើដំណើរក្នុងឆ្នាំ ១៤៩២ របស់គេពុំមែនមានចេនាចង់ស្វែងរកទ្វីបថ្មីអ្វីទេ។  គេគ្រាន់តែចង់ពិសោធឲ្យឃើញថា ទ្វីបអាស៊ីនៅជិតជាងអ្វីដែលមនុស្សទូទៅធ្លាប់គិតទុកពីមុនប៉ុណ្ណោះ  ប៉ុន្តែគេគិតខុសស្រឡះ។
       
កូឡុមប៍ មិនធ្លាប់បានទៅជាន់លើទឹកដីអាមេរិកម្តងណាទេ  តែគឺទឹកដីដែលនៅជិតបំផុតគឺ ប្រជុំកោះ បាហាម៉ាស (​Bahamas)(អាចជាកោះតូចៗមានឈ្មោះថា ផ្លាណា ខេយ៍)  តែគេបង្ខំឲ្យកម្មករកប៉ាល់ស្បថថា ប្រសិនបើមានគេសួរត្រូវតែប្រាប់ថា ពួកគេបានទៅដល់ឥណ្ឌាហើយ។  គេបាត់បង់ជីវិតក្នុងឆ្នាំ ១៥០៦ ក្នុងក្រុងបាយ៉ាដូលីត ប្រទេសអេស្ប៉ាញ ព្រមជាមួយនឹងជំនឿដក់ក្នុងចិត្តរហូតដល់ដង្ហើមចុងក្រោយថា ខ្លួនបានទៅដល់មាត់ច្រាំងទ្វីបអាស៊ីទៅវិញ  ទន្ទឹមនឹងគេធ្លាក់ទៅដល់ជាយទ្វីបអាមេរិកឯណោះ។
        កូឡុមប៍ មានប្រវត្តិមិនច្បាស់លាស់។  ភស្តុតាងភាគច្រើនបង្ហាញថា គេជាកូនរបស់ជាងត្បាញក្រណាត់ ជនជាតិ ហ្សេណួ ដែលមានឈ្មោះថា ដូមេនីកូ កូឡុមបូ។  ប៉ុន្តែនៅមានចំណុចខ្វែងគ្នាជាច្រើនដែលល្មមនឹងអាចអះអាងបានថា គេជាជនជាតិជីហ្វ អេស្ប៉ាញខូស៊ីកា ព័រទុយហ្កេ  ខាតាឡាន់ ឬជនជាតិក្រិចផងដែរ។
        គេនិយាយភាសាដើមរបស់ហ្សេណួ ជាភាសាកំណើត (ពុំមែនភាសាអ៊ីតាលីទេ)  ហើយរៀនអានភាសាអេស្ប៉ាញ (បញ្ចេញសំឡេងព័រទុយហ្កាល់ យ៉ាងច្បាស់)  និងភាសាឡាតាំង  ហើយអ្វីដែលលើសពីនេះ គឺគេអាចទាំងសរសេរកំណត់ហេតុប្រចាំថ្ងៃជាសម្ងាត់ដោយប្រើភាសាក្រិកទៀតផង។
        យើងមិនដឹងថាគេមានរូបរាងបែបណាទេ ព្រោះគ្មានបុគ្គលណាគូរគំនូររបស់គេបន្សល់ទុកឡើយសូម្បីតែមួយសន្លឹក  តែកូនប្រុសរបស់គេបញ្ជាក់ថា គេជាមនុស្សសម្បុរស  សក់ពណ៌មាស  រហូតដល់អាយុប្រហែលជា ៣០ សក់របស់គេក៏ប្រែជាសពេញក្បាល។
        យើងក៏មិនដឹងពីកន្លែងកប់សាកសពរបស់គេដែរ។  តែយើងបានដឹងថា សពរបស់គេត្រូវបានពន្លះយកសាច់ចេញពីឆ្អឹងដែលវាជាការធ្វើពិធីបុណ្យសពសម្រាប់អ្នកដែលអស្ចារ្យ និងអ្នកដែលប្រព្រឹត្តអំពើល្អនៅក្នុងសម័យនោះ។  យើងក៏ដឹងទៀតដែរថា ដំបូងឆ្អឹងរបស់គេត្រូវបានកប់នៅទីក្រុងបាយ៉ាដូលីត  ក្រោយមកក៏ដូរទៅកប់ក្នុងវត្តរបស់និកាយកាទូសៀន ក្នុងទីក្រុងសេប៊ីយ៉ា  បន្ទាប់មកទៀតគឺទីក្រុងសាន់តូដូមិងកូ ក្នុងសាធារណរដ្ឋដូមីនិកាំង  ហើយនឹងនៅក្នុងទីក្រុងហាវ៉ាណា ប្រទេសគុយបា និងចុងក្រោយមើលទៅដូចជាត្រូវនាំទៅកប់ក្នុងព្រះវិហារដ៏សំខាន់មួយក្នុងទីក្រុងសេប៊ីយ៉ា នាឆ្នាំ ១៨៩៨។
        ទោះជាយ៉ាងណាក៏ដោយ  មឈូសសពដែលមានធ្លាក់ឈ្មោះរបស់គេពីលើ គឺនៅក្នុងទីក្រុងសាន់តូដូមិងកូ នៅឡើយ  ហើយពេលនេះ ក្រុងហ្សេណួ និងក្រុងប៉ាវីយ៉ា សុទ្ធតែដណ្តើមគ្នាអះអាងថា មានសិទ្ធិគ្រប់គ្រងលើរបស់របរ និងផ្នែកផ្សេងៗទៀតរបស់គេដែលមាននៅសល់ក្នុងមឈូសនោះ។  ការត្រួតពិនិត្យ DNA កំពុងតែមានដំណើរការនៅឡើយ  តែមើលទៅកន្លែងស្នាក់នៅចុងក្រោយរបស់ កូឡុមប៍ ក៏នៅតែត្រូវបានគេនិយាយតៗគ្នាជារហូត  មិនតិចជាងពីដំណើរជីវិតនិងភាពជោគជ័យរបស់គេនោះឡើយ។

អត្ថបទនេះមានក្នុងសៀវភៅ ៖តើអ្នកដឹងអ្វីខ្លះ? ភាគ១

No comments:

Post a Comment