
នៅក្នុងសមុទ្រដ៏ធំល្វឹងល្វើយមួយ មានគ្រួសារផ្សោតឪពុកម្តាយ និងកូនក្រមុំមួយ បានរស់នៅជាមួយគ្នា
ប្រកបដោយសេចក្តីសុខបំផុត។ ថ្ងៃមួយកូនក្រមុំផ្សោត បានជួបកំលោះរូបរាងសង្ហាម្នាក់កំពុងលង់ទឹកដោយសារ
តែលិចទូក នាងក៏បានជួយសង្រ្គោះជីវិតអ្នកកំលោះនោះដោយហែលទឹកនាំរូបកាយរបស់គេទៅដាក់នៅលើ
ច្រាំង។ នាងសម្លឹងមើលរូបកាយរបស់គេមិនដាក់ភ្នែករហូតធ្លាក់ក្នុងអន្លង់ស្នេហ៍បុរសដ៏ស្រស់សង្ហានោះមួយរំពេច។
បុរសនោះជាគូគាប់ឲ្យអ្នកទាំងពីរស្តាប់។ ទោះបីជាឪពុកម្តាយរបស់នាងជំទាស់ខ្លាំងយ៉ាងណា ក៏នាងផ្សោតដ៏
ស្រស់សោភានៅតែមិនព្រមលះបង់គំនិតរបស់ខ្លួនជាដាច់ខាត ទើបឪពុកម្តាយព្រមសុខចិត្តតាម ហើយនាំនាង
ទៅរកមេធ្មប់សមុទ្រ សុំឲ្យជួយប្តូរកន្ទួយរបស់នាងឲ្យក្លាយទៅជាជើងវិញ។
មេធ្មប់សមុទ្រដាក់លក្ខខណ្ឌថា "ការប្តូកន្ទួយឲ្យទៅជាជើងនេះ នាងត្រូវបាត់បង់សំឡេងដ៏ពីរោះរបស់
ខ្លួន... នាងមិនអាចនិយាយបានទៀតទេ លុះត្រាតែអ្នកកំលោះដែលនាងស្រឡាញ់នោះ មានក្តីស្រឡាញ់ចំពោះ
នាងវិញយ៉ាងពិតប្រាកដ ព្រមរៀបការជាមួយនាង ទើបនាងមានសំឡេងដូចដើម តែបើអ្នកកំលោះនោះមិនស្មោះ
នឹងនាង ហើយបែរជាទៅរៀបការជាមួយអ្នកផ្សេងទៅវិញ នាងក៏នឹងត្រូវរលាយក្លាយជាពពុះទឹកហើយដឹងទេ? "
"ចា៎ស យល់ព្រម! " នាងផ្សោតឆ្លើយដោយមិនបាច់គិតអ្វីទាំងអស់ទោះបីជាឪពុកម្តាយនាងអង្វរករកុំឲ្យ
ទទួលយកសំណើយ៉ាងណាក៏ដោយ។
នៅទីបំផុត អ្នកទាំងពីរបានត្រឹមតែសុខចិត្តឲ្យនាងប្តូរកន្ទុយទៅជាជើងរួចហែលទឹកនាំនាងទៅកាន់មាត់
ច្រាំង ម្តុំដែលអ្នកកំលោះនោះនៅ ហើយទុកឲ្យនាងផ្សោតនៅដោះស្រាយបញ្ហាទាំងអស់ដោយខ្លួនឯងចុះ។
នាងផ្សោតបានចាត់ចែងព្យាយាមមើលថែបុរសនោះរហូតដល់គេដឹងខ្លួន ហើយអ្នកកំលោះក៏បានចាប់ចិត្ត
ស្រឡាញ់នាងវិញភ្លាមៗដែរ ព្រមទាំងនាំនាងទៅកាន់នគររបស់ខ្លួន ទោះបីនាងនិយាយមិនកើតក៏ដោយ។ ពេល
ធ្វើដំណើរទៅដល់នគរទើបដឹងថា អ្នកកំលោះនោះគឺជាព្រះអង្គម្ចាស់នៃនគរនោះតែម្តង។ នាងផ្សោតរស់នៅក្នុង
រាជវាំងប្រកបដោយសេចក្តីសុខ។ ឯព្រះអង្គម្ចាស់ក៏ត្រៀមរៀបចំពិធីអភិសេករវាងអ្នកទាំងពីរផងដែរ។
ប៉ុន្តែអ្វីៗគ្រប់យ៉ាងក៏ប្រែក្រឡាស់ផ្លាស់ប្តូរអស់រលីង។ ព្រះអង្គម្ចាស់បានជួបម្ចាស់ក្សត្រីនៃនគរផ្សេងមួយ
អង្គទៀត ក្នុងគ្រាដែលព្រះនាងនេះបានមកចូលរួមក្នុងពិធីជប់លៀង ស្វាគមន៍ការត្រលប់មកវិញរបស់ព្រះអង្គ
ម្ចាស់។ ព្រះនាងរូបនេះមានរូបរាងស្រស់ស្អាតមិនចាញ់នាងផ្សោតទេ ហើយថែមទាំងមានសម្តីពីរោះស្រួយស្រះ
ដូចសារិការទៀតផង ម្ល៉ោះហើយទើបធ្វើឲ្យព្រះអង្គម្ចាស់កាន់តែសព្វព្រះទ័យខ្លាំងឡើង។ ហើយក៏សម្រេចព្រះ
ទ័យរៀបចំអភិសេកជាមួយព្រះនាងថ្មីនោះជំនួសនាងផ្សោតវិញ។
នាងផ្សោតកើតទុក្ខសោកសង្រេងយ៉ាងខ្លាំង។ នៅរាត្រីរៀបអភិសេករវាងព្រះអង្គម្ចាស់និងព្រះនាងថ្មី នាង
ក៏រត់ចេញពីវាំងទៅកាន់ឆ្នេរសមុទ្រដើម្បីរងចាំទទួលយកជតាកម្មរបស់ខ្លួន។ ហើយក្នុងខណៈពេលដែលពិធីរៀប
អភិសេកកំពុងតែចាប់ផ្តើម រូបកាយរបស់នាងក៏រលាយបន្តិចម្តងៗ ក្លាយទៅជាពពុះទឹករលកអស់ទៅ។
នៅបាតមហាសមុទ្រដ៏ធំធេង នាងផ្សោតបើកភ្នែកសន្សឹមៗមកវិញ ស្រាប់តែឃើញថា ខ្លួនឯងមិនមែន
ជាពពុះទឹកទៀតទេ តែគឺជានាងផ្សោតដែលមានកន្ទុយដូចពីមុន។ នៅចំពោះមុខ មានម្តាយរបស់នាងជោកជាំទៅ
ដោយទឹកភ្នែក កំពុងតែអង្គុយនៅមើលថែក្បែរខ្លួននាង។
"ហេតុអីក៏កូនមិនក្លាយទៅជាពពុះទឹករលកអញ្ចឹង? " នាងផ្សោតសួរទៅកាន់ម្តាយដោយឆ្ងល់ក្នុងចិត្ត។
ប៉ុន្តែម្តាយរបស់នាងមិនឆ្លើយតបទេ គាត់បែរជាលូកដៃទៅអង្អែលក្បាលរបស់នាងដោយក្តីស្រឡាញ់និងអាណិត
អាសូរយ៉ាងជ្រាលជ្រៅទៅវិញ។
"អ្នកម្តាយគួរតែទុកឲ្យកូនក្លាយទៅជាពពុះទឹកចុះ! កូនមិនចង់មានជីវិតរស់នៅតទៅទៀតទេ! " នាង
ផ្សោតយំអណ្តឺតអណ្តក់។
"បំភ្លេចបុរសម្នាក់នោះចោលទៅណា៎កូន... ហើយត្រឡប់មករស់នៅផ្ទះរបស់យើងវិញប្រសើរជាង! "
ផ្សោតជាម្តាយលួងលោមកូន ឯនាងផ្សោតវិញ ចាប់ផ្តើមយំខ្សឹកខ្សួលកាន់តែខ្លាំងឡើងៗ។
"កូនពិតជាមិនអាចរស់ដោយគ្មានព្រះអង្គម្ចាស់បានទេណា៎ម៉ែ! " នាងផ្សោតទួញសោក ដោយម្តាយ
ជាអ្នកលួងលោមនៅក្បែរខ្លួន។ ទោះបីជាពេលវេលាកន្លងទៅច្រើនថ្ងៃហើយក៏ដោយ នាងផ្សោតនៅតែមិនព្រម
ឈប់ទួញសោកដង្ហោយហៅរកព្រះអង្គម្ចាស់នោះឡើយ។ ទីបំផុតនាងក៏គ្រាំគ្រាចិត្តឈឺស្លាប់ទៅ។
ប៉ុន្តែនាងផ្សោតបានភ្ញាក់ឡើងម្តងទៀត ហើយក៏ដឹងថាខ្លួននៅតែមិនទាន់ស្លាប់នៅឡើយ ប៉ុន្តែពេលនាង
បើកភ្នែកលើកនេះស្រាប់តែឃើញគ្រូធ្មប់ប្រចាំសមុទ្រមកនៅក្បែរខ្លួនម្តងវិញ។
"ហេតុអ្វីក៏ខ្ញុំនៅតែមិនទាន់ស្លាប់? " នាងផ្សោតនៅតែយំក្តុកក្តួលដដែល។ "ក្មេងល្ងង់ខ្លៅអើយ! " មេធ្មប់
សមុទ្រស្តីបន្ទោស "គ្រាន់តែដើម្បីបុរសម្នាក់ នាងសុខចិត្តបង្កសោកនាដកម្មអ្វីច្រើនម្លេះ? "
នាងផ្សោតនិយាយបណ្តើរ យំសសឹកបណ្តើរ
"ខ្ញុំពិបាកចិត្ត! ខ្ញុំឈឺចាប់! លោកម្ចាស់ពិតជាមិនយល់ទេ! "
"គឺនាងទេដែលមិនយល់នោះ! នាងមិនយល់ពីអ្វីទៅដែលហៅថាក្តីស្រឡាញ់ពិតប្រាកដនោះទេ!... "
មេធ្មប់និយាយបណ្តើរក្រវីក្បាលបណ្តើរ... "បើសេចក្តីស្រឡាញ់លើកនេះធ្វើឲ្យនាងឈឺចាប់ខ្លាំង យើងនឹងធ្វើឲ្យ
នាងភ្លេចការឈឺចាប់ដោយសារក្តីស្រឡាញ់នេះបាន!... "
នាងផ្សោតសួរភ្លាម
"តើលោកម្ចាស់អាចធ្វើបានមែនឬ? តើខ្ញុំត្រូវដោះដូរជាមួយអ្វីខ្លះ? "
"ឯងមិនចាំបាច់ដោះដូរជាមួយស្អីទេ? " មេធ្មប់ឆ្លើយ
"ម៉េចនឹងទៅរួច? បើច្បាប់មហាសមុទ្របានចែងថា គ្មានអ្វីបានមកដោយមិនមានការដោះដូរនឹងអ្វីមួយ
នោះទេ! " នាងផ្សោតសួរដោយឆ្ងល់។
"ព្រោះមានមនុស្សព្រមដោះដូរឲ្យនាងរួចហើយ! " មេធ្មប់សមុទ្រដកដង្ហើមធំ ឯនាងផ្សោតបានបង្ហាញនូវ
ទឹកមុខ ដូចជាមិនទាន់យល់ពីសម្តីរបស់មេធ្មប់។
"មុននឹងយើងលុបការចងចាំរបស់ឯងចោលឲ្យអស់ យើងនឹងនិយាយរឿងមួយឲ្យឯងស្តាប់!..." មេធ្មប់
និយាយដោយសំឡេងក្តុកក្តួល... "ឯងដឹងទេ... ហេតុអីក៏ឯងមិនក្លាយជាពពុះទឹក? " មេធ្មប់សួរ ឯនាងផ្សោតបាន
ត្រឹមតែក្រវីក្បាល។
"នោះដោយសារតែឪពុករបស់នាងព្រមលះបង់ខ្លួនឯង សុខចិត្តក្លាយជាពពុះទឹកជំនួសឯងហ្នឹងណា៎! "
ចប់សម្តីរបស់មេធ្មប់សមុទ្រ នាងផ្សោតតក់ស្លុតនិយាយមិនចេញ។ នេះហើយគឺជាហេតុផលដែលធ្វើឲ្យ
ម្តាយរបស់នាងជោកជាំដោយទឹកភ្នែក។ ហើយនាងក៏លែងបានឃើញឪពុករបស់ខ្លួនជារៀងរហូត តាំងពីពេល
ត្រឡប់មកដល់សមុទ្រលើកក្រោយនេះ។
"ហើយការដែលនាងដឹងខ្លួនមកវិញលើកនេះ គឺដោយសារតែម្តាយរបស់នាងព្រមដោះដូរជីវិតជំនួសនាង
នោះដែរ " គ្រូធ្មប់សមុទ្រនិយាយគឺជាការពិត តែបែរជាធ្វើឲ្យនាងផ្សោតកាន់តែឈឺចាប់ខ្លាំង។
"ប៉ុន្តែម្តាយរបស់នាងដឹងថា ការពិតទាំងអស់នេះនឹងធ្វើឲ្យនាងឈឺចាប់ខ្លាំងណាស់ ទើបម្តាយនាងបាន
សុំអង្វរយើងជាលើកចុងក្រោយដោយយកក្តីស្រឡាញ់ដែលមានចំពោះឯងមកដោះដូរបន្ថែមទៀត" គ្រូធ្មប់បង្អាក់
សំឡេងបន្តិច ហើយក៏និយាយដោយក្តីរន្ធត់ក្នុងចិត្តថា
"ម្តាយនាងសុំឲ្យយើងលុបការចងចាំរបស់ឯង ឲ្យឯងភ្លេចអស់នូវការបាត់បង់ទាំងប៉ុន្មានដើម្បីឲ្យឯងអាច
មានជីវិតរស់នៅតទៅទៀត... ម្តាយនាង គាត់សុខចិត្តឲ្យនាងបំភ្លេច សូម្បីតែក្តីស្រឡាញ់និងការលះបង់របស់គាត់
ដែលមានចំពោះនាងផងដែរ នាងដឹងទេ? "
"ខ្ញុំពិតជាល្ងង់ណាស់!... " ទឹកភ្នែករមៀលដូចទឹកហូរ ចេញពីភ្នែកទាំងគូរបស់នាងផ្សោត។ ប៉ុន្តែនាងមិន
ទាន់ទាំងបានយំទួញសោកអ្វីផងក៏ស្រាប់តែគ្រូធ្មប់សមុទ្រសែកមន្តអាគម ធ្វើឲ្យនាងភ្លេចអតីតកាលអស់រលីង។
នាងផ្សោតក៏បាត់ការចងចាំភ្លាមៗ ភ្លេចថានាងធ្លាប់ស្រឡាញ់ព្រះអង្គម្ចាស់ ភ្លេចថាខ្លួនធ្លាប់មានគ្រួសារដ៏កក់ក្តៅ
និងភ្លេចនូវក្តីស្រឡាញ់របស់ឪពុកម្តាយទាំងអស់តែម្តង។
នៅពេលដែលយើងចងចាំនិងព្រមលះបង់គ្រប់យ៉ាងដើម្បីក្តីស្រឡាញ់ក្នុងលក្ខណៈជាគូស្នេហា តែយើង
បែរជាភ្លេចក្តីស្រឡាញ់របស់អ្នកផ្តល់កំណើតដែលជាក្តីស្រឡាញ់ដ៏មានតម្លៃ និងមានបំណងល្អចំពោះខ្លួនយ៉ាង
ខ្លាំងក្លាបំផុតទៅវិញ។
No comments:
Post a Comment