Sunday, 18 September 2016

សេះរើសអើងស្រះងូតទឹក

កាលគ្រាព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅវត្តជេតវ័ន ព្រះអង្គសម្តែងព្រះជាតកដល់ភិក្ខុមួយអង្គដែលតែងតែធ្វើអ្វីៗទៅតាមអំពើចិត្តរបស់ខ្លួនឯង ដើម្បីទូន្មានឲ្យចេះមើលនិស្ស័យរបស់អ្នកដទៃ មានសេចក្តីថា ៖

          កាលកន្លងទៅ នៅសម័យព្រះបាទព្រហ្មទត្តគ្រងរាជនៅក្រុងពារាណសី តថាគតកើតជាគ្រូបុរោហិត ដែលមានតួនាទីបង្រៀនវិជ្ជាដល់ព្រះរាជា។ ថ្ងៃមួយេព្រះរាជាបញ្ជាឲ្យអ្នកមើលថែសេះនាំសេះដែលទឹមបរព្រះទីនាំងទៅលាង
សម្អាតនៅស្រះទឹកមួយកណ្តាលទីក្រុង ដែលមានមនុស្សម្នាជាច្រើននាំសេះរបស់ខ្លួនមកលាងជម្រះនៅក្នុងស្រះមួយនោះផងដែរ។

          សេះដែលទឹមនឹងព្រះទីនាំងនោះគិតឃើញថា ខ្លួនមានកិត្តិយសជាងពួកសេះឯទៀតទើបវារើសអើងស្រះទឹកដែលសេះឯទៀតចូលទៅលាងសម្អាតមុននោះ។ ទោះបីអ្នកមើលថែសេះធ្វើយ៉ាងណាក៏សេះព្រះទីនាំងមិនព្រមចុះទៅលាងសម្អាតខ្លួនក្នុងស្រះទឹកនោះដែរ។​ គេទាល់តម្រិះ ក៏យករឿងនេះទៅទូលថ្វាយព្រះរាជា។ ពេលព្រះអង្គជ្រាបសេចក្តីហើយ ទ្រង់ក៏បញ្ជាឲ្យទៅហៅបុរោហិតឲ្យមករក
មូលហេតុ។
          ពេលបុរោហិតពិនិត្យមើលសេះព្រះទីនាំងទៅ ឃើញថាវាគ្មានរបួសអ្វីទេ។​​ លុះបុរោហិតទៅមើលឯស្រះទឹកទើបដឹងថា តាមពិតសេះនោះរើសអើងប្រកាន់ខ្លួនសោះ។ វាមិនព្រមលាងសម្អាតខ្លួនក្នុងស្រះទឹករួមគ្នាជាមួយនឹងសេះអ្នកស្រុកដទៃទៀតទេ ទើបឲ្យអ្នកមើលថែសេះនាំវាទៅរកស្រះទឹកផ្សេងដែលមិនមានសេះណាមួយមកលាងជម្រះនៅទីនោះ។​​ ក្រោយមកសេះព្រះទីនាំងក៏យល់ព្រមឲ្យគេលាងសម្អាតខ្លួនរបស់វាតាមសម្រួលទៅ។
          កាលក្រោយមក ព្រះបាទព្រហ្មទត្តកើតជាព្រាអានន្ទ សេះកើតជាភិក្ខុធ្វើអ្វីៗតាមទំនើងចិត្ត ឯបុរោហិតគឺតថាគត។
ការតម្រូវចិត្តខ្លួនឯង តែងនាំមកនូវក្តីលំបាកដល់អ្នកដទៃ។


អត្ថបទនេះមានក្នុងសៀវភៅ ប្រជុំរឿងជាតក

No comments:

Post a Comment