Thursday, 21 April 2016

ស្រឡាញ់ពិត​នៅ​ត្រង់​ណា?



កាលពីសម័យដើមមានសត្វល្អិតពីរក្បាល។ សត្វ​ទាំង​ពីរ​នោះ​មាន​ចំណុច​ដូច​គ្នា​នៅ​ត្រង់​វា​ស្រឡាញ់​ពន្លឺ​ភ្លើង​ដូច​​គ្នា។ ពួក​វា​ស្រឡាញ់​ពន្លឺ​ភ្លើង​រហូតទាល់តែមិនចង់ឲ្យមានភាពងងឹតអ្វីកើតមាននៅទីណាសោះឡើយ។ សត្វល្អិត​ទាំងពីរបានដាក់ខសន្យាជាមួយពន្លឺភ្លើងថា ពួកវាទាំងពីរនឹងប្រកួតប្រជែងគ្នាធ្វើល្អចំពោះពន្លឺភ្លើង ហើយសុំឲ្យពន្លឺ​ជ្រើសយកនរណាម្នាក់ឲ្យរស់នៅជាមួយ ចំណែកពន្លឺភ្លើងក៏យល់ព្រមតាមសំណើនោះផងដែរ។

​ចាប់ពីពេលនោះមក សត្វល្អិតនីមួយៗបានខំព្យាយាមយកចិត្តពន្លឺភ្លើងដូចៗគ្នាដើម្បីឲ្យពន្លឺភ្លើងពេញចិត្តនិងព្រម​រួមរស់នៅជាមួយវា។ ប៉ុន្តែពន្លឺភ្លើងនៅតែមិនអាចសម្រេចចិត្តបានថា តើនឹងត្រូវជ្រើសសត្វល្អិតណាមួយឲ្យពិត​ប្រាកដបាននៅឡើយទេព្រោះពន្លឺភ្លើងយល់ឃើញថា សត្វល្អិតទាំងពីរសុទ្ធតែស្រឡាញ់វាសើ្មៗគ្នា។ ហេតុនេះ​ទើបពន្លឺភ្លើងធ្វើដំណើរទៅរកគ្រូធ្មប់នៅឯព្រៃភាគខាងត្បូងដើម្បីឲ្យគាត់ជួយកាត់សេចក្តីថា តើវាគួរតែរួមរស់នៅ​ជាមួយនរណារវាងសត្វទាំងពីរក្បាលនេះ? គ្រូធ្មប់ក៏បានហៅសត្វល្អិតទាំងពីរមកជួបដើម្បីសម្រេចក្តីថាតើនរណាគួរបានរួមរស់ជាមួយពន្លឺភ្លើង?
" “ពួកឯងទាំងពីរនាក់ច្បាស់ក្នុងចិត្តហើយថា ខ្លួនពិតជាចង់រួមរស់នៅជាមួយនឹងពន្លឺភ្លើងនោះ? "
គ្រូធ្មប់លើកសំណួរ
" “ប្រាកដហើយ! "”  សត្វល្អិតទាំងពីរឆ្លើយព្រមគ្នា
" “ប៉ុន្តែយើងមានដំណឹងអាក្រក់មួយចង់ប្រាប់! " ”គ្រូធ្មប់ និយាយប្រាប់ដោយសំឡេងសើ្ម... 
" “ពន្លឺភ្លើងមិនត្រូវការរួមរស់ជាមួយពួកអ្នកទាំងពីរទេ! "  ពន្លឺភ្លើងមានគូស្នេហ៍រួចទៅហើយ... ហើយគេមកសុំអង្វរឲ្យយើងជួយប្រាប់ដល់ពួកឯងទាំងពីរនាក់នេះណ៎ា!” "
"“ មានន័យថាម៉េច? " ខ្ញុំមិនព្រមទេ! សត្វទី១ ប្រកែក
" “ពន្លឺភ្លើងមានគូស្នេហ៍រួចហើយអញ្ចឹងឬ? " សត្វទី២ឧទាន
" តើគូស្នេហ៍របស់ពន្លឺភ្លើងជានរណាទៅ? " សត្វទី១ ឡូឡាបន្ត
" “អត់ធ្មត់បន្តិចសិនទៅ!... ពន្លឺភ្លើង គេចង់សុំលុបចោលកិច្ចសន្យាដែលធ្វើជាមួយអ្នកទាំងពីរ ដែលថានឹងជ្រើសរើសរួមរស់ជាមួយនរណាម្នាក់នោះ តើពួកឯងព្រមលុបចោលកិច្ចសន្យានេះបានដែរឬទេ? "
" “មិនបានទេ! "  សត្វល្អិតទី១ ជំទាស់ភ្លាម។ ឯសត្វល្អិតទី២ ហាក់នៅសញ្ជឹងគិតយ៉ាងស្ងៀមស្ងាត់ដោយរន្ធត់ពីដំណឹងអាក្រក់នេះ។គ្រូធ្មប់បន្តធ្វើតេស្តអ្នកទាំងពីរ...
" “ចុះក្រែងពួកឯងថាស្រឡាញ់ពន្លឺភ្លើងខ្លាំងសម្បើមណាស់មែនទេ? ហេតុអ្វីបានជាមិនព្រមដោះលែងឲ្យពន្លឺភ្លើងមានសេរីភាព នឹងបានទៅរួមរស់នៅជាមួយអ្នកដែលពន្លឺភ្លើងស្រឡាញ់ទៅ? ព្រោះបើឲ្យពន្លឺភ្លើងបង្ខំចិត្ត មករួម​រស់ជាមួយពួកឯងទាំងមិនពេញចិត្តតើគេមានសេចក្តីសុខដែរឬទេ? ហេតុនេះពួកឯងអាចទ្រាំឲ្យពន្លឺភ្លើងរស់នៅយ៉ាងគ្មានសេចក្តីសុខអញ្ចឹងឬ? "
" “ប៉ុន្តែពន្លឺភ្លើងបានព្រមព្រៀងជាមួយយើងហើយ ពន្លឺភ្លើងមិនអាចក្បត់សន្យាបានទេ! "  សត្វល្អិតទី១ នៅតែជំទាស់ដាច់ខាត " ពន្លឺភ្លើងត្រូវតែតែជ្រើសយកនរណាម្នាក់ក្នុងចំណោមពួកយើងទាំងពីរប៉ុណ្ណោះ! "”
" “ប៉ុន្តែពន្លឺភ្លើងមានគូស្នេហ៍រួចហើយ! តើពួកឯងចង់ធ្វើឲ្យពន្លឺភ្លើងត្រូវរងទុក្ខសោកដោយជ្រើសយកពួកឯងណាម្នាក់អញ្ចឹងឬ? គ្រូធ្មប់ពន្យល់
សត្វល្អិតទី២ ដែលមានទឹកមុខស្រពាប់ស្រពោន បានបង្ហើបឲ្យដឹងពីការសម្រេចចិត្តរបស់ខ្លួនទាំងឈឺចាប់ដោយសារតែអាណិតពន្លឺភ្លើង... " “ណ្ហើយចុះ! ទោះបីជាខ្ញុំត្រូវឈឺចាប់យ៉ាងណា ឲ្យតែពន្លឺភ្លើងមានសេចក្តីសុខខ្ញុំព្រមលុបកិច្ចសន្យាចោលទៅចុះ!... "" ប៉ុន្តែយើងមិនព្រមទេ! បើឯងព្រម គឺមានន័យថាឯងដកខ្លួនចេញ បើអញ្ចឹងពន្លឺភ្លើងត្រូវរួមរស់ជាមួយយើង! " សត្វល្អិតទី១ តវ៉ាទាំងត្រេកអរ 
គ្រូធ្មប់ធ្វើមុខញឹមៗ ងាកទៅនិយាយជាមួយពន្លឺភ្លើង...
" “ឥឡូវនេះឯងមុខជាអាចសម្រេចចិត្តបានហើយពន្លឺភ្លើង!... ថាតើនរណាទៅដែលស្រឡាញ់ឯងពិតប្រាកដរវាងសត្វល្អិតទាំងពីរនេះ? "ពន្លឺភ្លើងនិយាយចេញមកពីកន្លែងលាក់ខ្លួន...  " “ប្រាកដណាស់! ខ្ញុំពិតជាអាចសម្រេចចិត្តបានហើយ!... "
គ្រូធ្មប់ក៏បង្ហើបពីលទ្ធផលប្រឡងទៅកាន់សត្វល្អិតទាំងពីរថា...
" “រឿងដែលយើងនិយាយមកនេះគ្រាន់តែជារឿងកុហកប៉ុណ្ណោះ... ការដែលយើងនិយាយថាពន្លឺភ្លើងមានអ្នកជាទីស្រឡាញ់ហើយនោះ មិនមែនជាការពិតអ្វីទេ គឺគ្រាន់តែយើងចង់សាកពិសោធន៍ពួកឯងមើលប៉ុណ្ណោះ! ហើយ​ពេលនេះការសាកពិសោធន៍បានបញ្ចប់ទៅហើយ!... "
ពន្លឺភ្លើងក៏ងាកទៅរកសត្វល្អិតទី២... " “យើងសម្រេចចិត្តរួមរស់នៅជាមួយអ្នកឯងហើយ!... "
" “ហេតុអីក៏ទៅជាអញ្ចឹង? "  សត្វល្អិតទី១ នៅមិនទាន់អស់ចិត្ត...   " “យើងគឺជាអ្នកស្រឡាញ់ឯងពិតប្រាកដ! ឯងឃើញទេ យើងមិនព្រមបោះបង់រូបឯងឲ្យទៅអ្នកដទៃយ៉ាងងាយៗដូចអាសត្វទី២ នោះទេ! "
ពន្លឺភ្លើងបកស្រាយ...
" ប៉ុន្តែក្តីស្រឡាញ់របស់អ្នកឯង គឺគ្រាន់តែចង់គ្រប់គ្រងលើរូបខ្ញុំតែប៉ុណ្ណោះ...   ចំណែកមិត្តរបស់អ្នកឯង គេ
ស្រឡាញ់ខ្ញុំ!... គេមានភាពបរិសុទ្ធនៅក្នុងចិត្តក្នុងការចង់ឲ្យខ្ញុំទទួលសេចក្តីសុខ... គេហ៊ានលះបង់គ្រប់យ៉ាងដើម្បីឲ្យអ្នកដែលខ្លួនស្រឡាញ់មានសេចក្តីសុខ! "
" យើងមិនព្រមទេ! យើងមិនព្រម! មិនយុត្តិធម៌ទេ! " ”សត្វល្អិតទី១ ត្អូញត្អែរតវ៉ា
ប៉ុន្តែពន្លឺភ្លើងបានសម្រេចចិត្តដាច់ណាត់រួចទៅហើយ។
ចាប់ពីពេលនោះមក សត្វល្អិតទី២ ក៏បានរួមរស់នៅជាមួយពន្លឺភ្លើងប្រកបដោយសេចក្តីសុខ។ គេតែងហៅវាថា“អំពិលអំពែក” ដែលទោះជាវាទៅដល់ទីណាក៏នៅតែមានពន្លឺភ្លើងនៅជាប់ជាមួយដែរ។
រីឯសត្វល្អិតទី១ មានឈ្មោះថា មមាច ”។ ដោយសារតែក្តីស្រឡាញ់ចំពោះពន្លឺភ្លើងនេះ ធ្វើឲ្យវាហើរតាមរកពន្លឺភ្លើងនៅគ្រប់ទីកន្លែងដើម្បីនាំយកពន្លឺភ្លើងមកនៅជាមួយខ្លួនដោយមិនខ្វល់ថា តើពន្លឺភ្លើងពេញចិត្ត ឬមិនពេញចិត្តនោះទេ។ ហេតុនេះហើយ ទើបវាចេះតែត្រូវស្លាប់ដោយសារពន្លឺភ្លើងដែលនៅចាំដុតវាជាប្រចាំនោះឯង។
សេចក្តីស្រឡាញ់ពិតប្រាកដគឺការលះបង់ និងក្តីប្រាថ្នាឲ្យអ្នកដែលខ្លួនស្រឡាញ់មានសេចក្តីសុខ។
មិនមែនមានបំណងចង់យកគេមកគ្រប់គ្រងនៅក្នុងកណ្តាប់ដៃ
ដោយទាញយកសេចក្តីសុខសម្រាប់តែខ្លួនឯងនោះទេ។
ប្រភពៈ សៀវភៅនិទានវិញ្ញាណទិព្វ ភាគ១

No comments:

Post a Comment