Thursday, 8 December 2016

ទឹកចិត្ត

ទឹកចិត្ត

...នារដូវរងាមួយដែលមាន​អាកាសធាតុ​ត្រជាក់​ស្រេប ខ្យល់​បក់បោក​រងា​ស្ទើរ​តែ​មិន​អាច​ទ្រាំ​បាន។ មនុស្ស​ម្នា​ដែល​
នៅ​តាម​ដង​ផ្លូវ ម្នាក់ៗ​សុទ្ធ​តែ​ធ្វើដំណើរត្រឡប់ទៅផ្ទះ ដើម្បីរកទីកម្ដៅ។ គ្រានោះដែរ មានក្មេងប្រុសក្រីក្រម្នាក់ដែល​
ទោះជាអាកាសធាតុត្រជាក់ពិបាកទ្រាំយ៉ាងណាក៏ដោយ  គេនៅតែប្រឹងត្រដរលក់កាសែតតាមដងផ្លូវ  ទាំងរូបកាយ
រងារញ័រញាក់ ទឹកមុខហេវហត់អស់កម្លាំង ស្ទើរតែរឹងអស់ទាំងខ្លួនទៅហើយ។
អាកាសធាតុរឹតតែត្រជាក់ឡើងៗ  រហូតតូបលក់ទំនិញមួយចំនួនត្រូវបិទទ្វារ ព្រោះតែពុំមានអតិថិជនជាវទំនិញដូច
សព្វដង។ ដោយឡែក ក្មេងតូចនៅតែប្រឹងដើរលក់កាសែតបន្តប្រកបដោយភាពអត់ធ្មត់ ព្រោះគេនៅមានប្អូនប្រុស
តូចម្នាក់ ដែលកំពុងតែរង់ចាំអាហារនៅឯផ្ទះ។ អារម្មណ៍ដ៏ឯកោរ ធ្វើឲ្យគេនឹកឃើញដល់ឪពុកម្តាយដែលបានបាត់-
បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ នឹកដល់ទឹកក្តៅមួយក្អឹក និងចង្រ្កានកម្តៅដែលផ្តល់ភាពកក់ក្តៅដល់ខ្លួន។
អ្វីទាំងនេះ រឹតតែជំរុញចិត្តគេឲ្យព្យាយាមបន្តទៅទៀតដោយសង្ឃឹមថា យ៉ាងណាក៏អាចលក់បានកាសែតមួយច្បាប់
គ្រាន់ទុកទិញម្ហូបត្រឡប់ទៅផ្ទះវិញដែរ។
គ្រានោះ  មានបុរសសង្ហាម្នាក់អាយុប្រមាណជា៣០ឆ្នាំ បានដើរកាត់ក្បែរនោះ  ឃើញដូច្នោះគេក៏ចូលទៅក្បែរក្មេង
តូច  ព្រមទាំងលូកហោប៉ៅយកលុយមួយចំនួន ដែលច្រើនជាងតម្លៃកាសែតហុចឲ្យទៅគេ  ព្រមទាំងក្តោបដៃដ៏តូច
របស់គេយ៉ាងណែន ហើយពោលឡើង ៖
មើលចុះ! ដៃក្មួយត្រជាក់ខ្លាំងណាស់! អាកាសធាតុត្រជាក់ដូច្នេះក្មួយច្បាស់ជាអស់កម្លាំងហើយ! គួរឲ្យសោកស្តាយ
ណាស់ ដែលពូមិនអាចជួយអ្វីដល់ក្មួយបានច្រើនជាងនេះ!”
ដៃបុរសចិត្តល្អម្នាក់នោះ  ពិតជាកក់ក្តៅខ្លាំងណាស់។  ក្មេងប្រុសសម្លឹងមុខគេដោយអារម្មណ៍ក្តុកក្តួល រួចក៏តបទៅ
វិញ...
អរគុណលោកពូ! ពេលនេះខ្ញុំលែងរងារទៀតហើយ! ដៃដ៏កក់ក្តៅរួមនឹងទឹកចិត្តដ៏ប្រពៃរបស់លោកពូ ពិតជារង្វាន់ដ៏
ធំធេងបំផុតសម្រាប់ខ្ញុំ!”
មានទឹកចិត្តចំពោះគ្នា ចេះជួយយកអាសាគ្នាទៅវិញទៅមកក្នុងគ្រាដ៏លំបាក
នោះជីវិតនឹងពោរពេញទៅដោយភាពកក់ក្តៅ។
សេចក្តីសុខដែលយើងចែករំលែកដល់អ្នកដទៃ
ប្រៀបដូចជាយើងកំពុងបង្កើតសេចក្តីសុខសម្រាប់ខ្លួនឯងផងដែរ។

អត្ថបទនេះមានក្នុងសៀវភៅ ៖

និទានបង្រៀនកូនសម្លាញ់

No comments:

Post a Comment