ចំណងមេត្រី "ជាមួយគ្នា"
មនុស្សម្នាក់ៗតែងមានលក្ខណៈពិសេសផ្ទាល់ខ្លួន ដែលមិនដូចអ្នកដទៃ។
យើងកើតមកតែម្នាក់ឯង ហើយស្លាប់ទៅវិញក៏តែម្នាក់ឯង។ ប៉ុន្តែក្នុងពេលមានជីវិតរស់នៅ មនុស្សគ្រប់រូបត្រូវមានសកម្មភាពរួមជាមួយមនុស្សដ៏ច្រើន រហូតដល់មិនអាចកត់ត្រាទុកអស់បានឡើយ... មានការពឹងពាក់ពំនាក់អាស្រ័យ មានភាពជិតស្និទ្ធ ទុកចិត្តទុកថ្លើមគ្នាទៅវិញទៅមក។ ប៉ុន្តែនៅមានមនុស្សជាច្រើនដែលមានទំនាក់ទំនងជាមួយមនុស្សដទៃ តែមិនបាននាំយកមកប្រើឲ្យកើតជាប្រយោជន៍អ្វី រហូតទាល់តែដល់ថ្ងៃខ្លួនស្លាប់ទៅវិញ។
ប៉ុន្តែថ្វីត្បិតមនុស្សយើងខុសប្លែកគ្នាយ៉ាងណាក៏ដោយ យើងក៏នៅតែមានការ "គិតគូរនិងយកចិត្តទុកដាក់" ដល់អ្នកដទៃដែលខុសពីយើង រហូតដល់មានពាក្យមួយឃ្លាពោលថា "ពីរនាក់នេះស្រឡាញ់គ្នាដូចមនុស្សតែមួយ" ដូច្នោះដែរ។
ស្នេហាកើតឡើងលើសកម្មភាពរួមគ្នា និងការបើកចំហផ្លូវចិត្តឲ្យភាគីម្ខាងទៀតបានដឹងយ៉ាងត្រង់ៗ ធ្វើឲ្យអ្នកបានមើលឃើញគេ(គូស្នេហ៍) ក្នុងនាមជាបុគ្គលដោយឡែកម្នាក់ដែលមានលក្ខណៈពិសេសផ្ទាល់ខ្លួន ហើយគូស្នេហ៍របស់អ្នកក៏មើលមកអ្នកតាមរូបភាពនេះដូចគ្នាដែរ។
មនុស្សដែលមានការ ស្រឡាញ់ គេនឹងព្រមទទួលយក លក្ខណៈផ្ទាល់ខ្លួន របស់ ភាគីដែលខ្លួនស្រឡាញ់ និងទទួលយកលក្ខណៈពិសេសដែលខុសពីអ្នកដទៃ របស់ខ្លួនផ្ទាល់ផងដែរ។ គឺដោយការព្រមទទួលយកបែបនេះហើយទើបធ្វើឲ្យភាគីដែលស្រឡាញ់គ្នា មានការគោរពចំពោះខ្លួនឯង និងចំពោះភាគីម្ខាងទៀតបានយ៉ាងល្អបំផុត។
សម្ព័ន្ធភាពស្នេហ៍
ពេលអ្នកចាប់ផ្តើមស្រឡាញ់នរណាម្នាក់ លទ្ធផលជាបន្តមកគឺ ក្តីស្រឡាញ់ ដែលនឹងដុះដាលធំធាត់ ឬយ៉ាងណានោះវាអាស្រ័យនៅត្រង់ថា តើអ្នកមានអារម្មណ៍ដូចម្តេចចំពោះខ្លួនឯង គឺជារឿងសំខាន់។ មនុស្សភាគច្រើនតែងដឹងថា តើខ្លួនមានអារម្មណ៍ដូចម្តេចចំពោះមនុស្សដែលខ្លួនស្រឡាញ់ តែបែរជាមិនដឹងថា ខ្លួនមានអារម្មណ៍ដូចម្តេចចំពោះខ្លួនឯងវិញ។
សម្ព័ន្ធភាពស្នេហ៍បែប "សកម្ម" គឺភាគីនីមួយៗកាន់តែបង្កើនភាពជាម្ចាស់ការរបស់ខ្លួនឲ្យកាន់តែខ្ពស់ ហើយទន្ទឹមគ្នានេះដែរក៏ត្រូវមានចំណែករួមសហការទៅលើសកម្មភាពផ្សេងៗ ឬអ្វីក៏ដោយដែលអ្នកទាំងពីរអាចធ្វើរួមជាមួយគ្នាបាន។
សម្ព័ន្ធភាពរវាងមនុស្សគ្រប់ប្រភេទ សុទ្ធតែត្រូវការស្ថេរភាព ព្រមគ្នាជាមួយនឹងសេរីភាពផងដែរ។ មានន័យថា យើងចង់ស្រឡាញ់មនុស្សម្នាក់ឲ្យបានយូរអង្វែងតែយើងក៏ត្រូវការសេរីភាពផ្ទាល់ខ្លួនផងដែរ។ ស្តាប់ទៅហាក់ដូចជាមានទំនាស់រវាងគ្នានឹងគ្នា តែនេះជាការពិតដែលកើតមានចំពោះសេចក្តីស្នេហាផងដែរ "យើងចង់បានចំណងសម្ព័ន្ធភាពប្រកបដោយសេរីភាពរៀងៗខ្លួន" ។
ប្រសិនបើយើងអាចទទួលយកចំណុចដ៏ចម្រូងចម្រាសនេះបាន នោះភាគីម្នាក់ៗអាចនឹងរីកចម្រើនទាំងអភិវឌ្ឍខ្លួនឯងជាលំដាប់។ហើយក្នុងខណៈពេលជាមួយគ្នានេះដែរ យើងក៏ត្រូវទទួលស្គាល់ទៅលើការប្រឈមមុខនឹងស្ថានការណ៍ផ្លាស់ប្តូរផងដែរ ដូចជា ប្រសិនបើមានភាគីម្ខាងទៀតត្រូវផ្លាស់ប្តូរប្រែប្រួល អ្នកក៏មិនចាំបាច់ត្រូវភ្ញាក់ផ្អើលរហូតដល់ "រស់តទៅទៀតមិនបានទេ!..." នោះអ្វីដែរព្រោះជីវិតរបស់យើង «ឯករាជ្យ» មិនមែនពឹងផ្អែកលើគេទេ។តែមនុស្សដែលស្រឡាញ់តាមបែប "អសកម្ម" តែងភ័យខ្លាចការផ្លាស់ប្តូរខ្លាចការរីកចម្រើនធំធាត់ ពុំមានការទុកចិត្តខ្លួនឯង។ចំណែកមនុស្សដែលស្រឡាញ់តាមបែប "សកម្ម" តែងចេះ សម្របសម្រួល អំពីក្តីរំពឹងរបស់ខ្លួន ជាជាងបណ្តោយឲ្យខ្លួនត្រូវរងទុក្ខសោក។ គេព្រមទទួលស្គាល់ក្តីខកបំណងទាំងទឹកមុខញញឹម។
មនុស្សដែលស្រឡាញ់តាមបែប "សកម្ម" នឹងមិនសូវមានភាពអាត្មានិយម ហើយក៏មិនសូវចេះទាមទារអ្វីច្រើនដែរ ព្រោះគេទទួលស្គាល់ដោយខ្លួនឯង មិនចាំបាច់រងចាំឲ្យកត្តាខាងក្រៅមកទទួលស្គាល់ ឬសូម្បីតែទទួលស្គាល់ពីគូស្នេហ៍ក៏ពុំមានចាំបាច់អ្វីដែរ។ គេមានគោលការណ៍ក្នុងការប្រើជីវិតរស់នៅរួមគ្នា ដោយបើកឱកាសឲ្យភាគីម្ខាងៗអាចរីកចម្រើនបានទាំងផ្នែកឯកជន និងទាំងផ្នែកសមូហភាពផងដែរ។
គោលការណ៍របស់សម្ព័ន្ធស្នេហាបែប "សកម្ម" នោះគឺភាគីនីមួយៗត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ដោយព្រមទទួលថាស្ថានការណ៍ផ្លាស់ប្តូរដែលមិនអាចរំពឹងទុកជាមុន នោះគឺជារឿងធម្មតារបស់មនុស្សលោក។ គេមិនបាច់មកអង្គុយចាំរកចាប់កំហុសគូស្នេហ៍ ឬបន្ទោសជោគជតា មេឃដីព្រហ្មលិខិត ដោយមិនបានងាក់មកមើល "កម្សោយភាព" របស់ខ្លួនឯងនោះទេ។
ភាពជាម្ចាស់លើខ្លួនឯង និងការព្រមទទួលស្គាល់គូស្នេហ៍តាមសភាពពិតរបស់គេ ដែលពុំមែនតាមអ្វីដែលខ្លួន ចង់ ឲ្យគេទៅជាបែបនេះបែបនោះ គឺត្រូវប្រើពេលវេលាស្វែងយល់ ព្រមទាំងការព្យាយាមខ្លាំងក្លាបំផុតមួយ។ ពន្លឺនៃក្តីស្នេហាដែលអាចនឹងភ្លឺត្រចះត្រចង់ រីកស្រស់បំព្រង គង់វង្សបានយូរអង្វែងជារហូតឬយ៉ាងណានោះ អាស្រ័យនៅលើវា «តើតម្រូវការសេរីភាពរបស់ខ្លួន វាមានតុល្យភាពជាមួយនឹងគូស្នេហ៍ដែរឬទេ?» និងប្រសិនបើភាគីទាំងសងខាងយល់ព្រមទទួលស្គាល់អំពីភាពជាម្ចាស់ការលើខ្លួនឯង នោះសេចក្តីស្នេហានឹងស្ថិតស្ថេរយូរអង្វែងយ៉ាងពិតប្រាកដ។
អ្វីទៅគឺស្នេហាពិត?
ស្នេហ៍ពិតត្រូវមានចំណងមេត្រី ពាក្យសន្យា ការប្រព្រឹត្ត ព្រមទាំង "ការអនុវត្តជាក់ស្តែង" ។ ពាក្យសម្តីតែម្យ៉ាងនឹងគ្មានប្រយោជន៍អ្វីទេ ទោះបីជាស្បថស្បែ ៧វត្តយ៉ាងណា បើមិនអនុវត្តតាមពាក្យសន្យាទេ ស្នេហ៍នឹងក្លាយទៅជាស្នេហ៍រុះរោយទៅវិញជាមិនខាន។
ស្នេហ៍ពិតមិនមែនជាការអត់ធ្មត់ទាំងងងឹតងងល់ដោយចេះតែប្រឹង "ខាំមាត់សង្កត់ចិត្ត" រៀងរហូតទៅនោះវាក៏នឹងគ្មានផលអ្វីដែរ។ការខំអត់ធ្មត់ពីមួយថ្ងៃទៅមួយថ្ងៃដើម្បីរកឲ្យឃើញ "ស្នេហ៍ពិត" នោះគឺមានតែធ្វើឲ្យភាគីណាមួយគ្រាំគ្រាចិត្តតែប៉ុណ្ណោះ។ ស្នេហ៍ពិតមិនមែនដោយសារតែ "ទ្រាំស្នេហ៍" នោះទេ សូមជ្រាប!...
ទំហំនៃក្តីស្រឡាញ់នរណាម្នាក់គឺមកពីការព្រមទទួលយកខ្លួនឯងនិងគូស្នេហ៍ដោយគ្មានលក្ខខណ្ឌ និងសម្តែងឲ្យឃើញពីសន្តានចិត្តដ៏ទូលាយចំពោះគូស្នេហ៍ ទោះបីជាលទ្ធផលចុងក្រោយក្លាយទៅជាអ្វីក៏ដោយ។ ម្យ៉ាងទៀតអ្នកត្រូវតែបង្ហាញពីធាតុពិតរបស់ខ្លួនចេញមកក្រៅ ព្រោះវានឹងធ្វើឲ្យអ្នកអាច "ផ្តល់" នូវអ្វីដែលជាសភាពពិតរបស់ខ្លួនឲ្យគេដឹងនិងព្រមទទួលស្គាល់ផងដែរ។ បើអ្នកមានសមត្ថភាពស្រឡាញ់ខ្លួនឯងយ៉ាងពិតប្រាកដ អ្នកនឹងក្លាយជាមនុស្សដែលរីករាយនិងផ្តល់ក្តីស្រឡាញ់ដល់អ្នកដទៃដោយទឹកចិត្តស្មោះ មិនមែនដោយការបង្ខិតបង្ខំនោះទេ។
ស្នេហ៍ពិតត្រូវតែគ្មានការបង្ខិតបង្ខំ...
សាកល្បងនឹកដល់ពេលណាមួយដែលអ្នកបង្ខំចិត្ត "ត្រូវធ្វើអ្វីម្យ៉ាង" ដើម្បីអ្នកដទៃបាន "សប្បាយចិត្ត" នោះអ្នកនឹងឃើញថា ភាគីដែល "មិនសប្បាយចិត្ត" គឺរូបអ្នកខ្លួនឯងនេះហើយ ដែលត្រូវទទួលមុនអ្នកដទៃ។ តែប្រសិនបើអ្នកព្រមស្ម័គ្រចិត្តផ្តល់អ្វីៗដល់អ្នកដទៃដោយមិនរំពឹងផលតបស្នង ឬបើពេញចិត្តនឹងធ្វើហើយនោះអ្នកនឹងមិនមានសោកស្តាយអ្វីឡើយ ទោះបីជាលទ្ធផលចេញមកយ៉ាងណាក៏ដោយដូចជា អ្នកបានជូនផ្កាកុលាបទៅឲ្យនរណាម្នាក់ ព្រោះអ្នកដឹងថាគេចូលចិត្ត។ ពេលនោះ ទោះជាគេសម្តែងទឹកចិត្តរំភើប ឬមិនសម្តែងអ្វី ក៏រូបអ្នកនៅតែសប្បាយចិត្ត។ តែផ្ទុយទៅវិញ ប្រសិនបើអ្នករំពឹងចង់បានអ្វីជាការតបស្នងដូចជាពាក្យអរគុណឬជាសម្តីត្រកអរហើយចំលើពេលដែលមិត្តភក្តិនោះកំពុងតែក្តៅក្រហាយពីរឿងអ្វីមួយធ្វើឲ្យគេមិនបានសម្តែងតាមដែលអ្នកចង់បាន នោះវានឹងធ្វើឲ្យអ្នកត្រូវខកចិត្តជាមិនខាន។
មនុស្សដែលចេះស្រឡាញ់បែប "សកម្ម" គេនឹងគិតថា «ការផ្តល់ឲ្យ» នឹងធ្វើឲ្យមានការពេញចិត្ត ទាំងសម្រាប់ "អ្នកផ្តល់" និង"អ្នកទទួល" រួចស្រេចទៅហើយ។ នោះគឺជារង្វាន់ដ៏ពេញលក្ខណៈដោយខ្លួនវា ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺជា អត្ថន័យនៃជីវិតនេះឯង។
ការផ្តល់ដោយមិនរំពឹងផលតបស្នង ការផ្តល់ដោយមិនគិតពី "ចំណង" នឹងធ្វើឲ្យអ្នកផ្តល់នោះ មានអារម្មណ៍ "ទទួលក្តីសុខ"ហើយក៏បានទទួលក្តីស្រឡាញ់តបមកវិញដោយស្វ័យប្រវត្ត មិនចាំបាច់ទាមទាអ្វីឡើយ។
មនុស្សដែលចេះស្រឡាញ់បែប "សកម្ម" មិនត្រឹមតែបានទទួលរង្វាន់តបស្នងអំពីក្តីស្រឡាញ់ "ទៅតាមបែបធម្មជាតិ" ប៉ណ្ណោះទេចំណែកអ្នកដែលបានទទួលនូវក្តីស្រឡាញបែបនេះ ក៏នឹងមានសេចក្តីសុខព្រមជាមួយគ្នាផងដែរ។ ការពិតដែលស្ទើរតែមិនគួរឲ្យជឿនោះទេ មនុស្សដែលមិនស្វះស្វែងចង់បានការទទួលស្គាល់ពីអ្នកដទៃ បែរជាត្រូវគេទទួលស្គាល់យ៉ាងខ្លាំងទៅវិញ។
ការយកឈ្នះលើស្ថានការណ៍ផុយស្រួយ
នៅពេលដែលអ្នកទទួលរួចហើយថា ស្នេហាបែប "សកម្ម" គឺជាទង្វើដែលពុំមានការធានាថា តើអ្នកនឹងត្រូវបានទទួលអ្វីតបស្នងមកវិញខ្លះទេ ហេតុនេះអ្នកត្រូវមាន ទំនុកចិត្ត ចំពោះខ្លួនឯងឲ្យបានច្រើនបំផុត។ ប្រសិនបើត្រូវបើកចំហចិត្តខ្លួនឯងនៅចំពោះមុខនរណាម្នាក់ អ្នកត្រូវត្រៀមខ្លួនជាស្រេចក្នុងការទទួលស្គាល់អំពីសភាពទន់ជ្រាយរបស់ខ្លួនដោយពេញចិត្ត។
អ្វីដែលគួរឲ្យចម្លែកនោះគឺ អ្នកដែលហ៊ានបើកចំហចេតនារបស់ខ្លួនតែងតែអាចរក្សាបាននូវភាពរឹងប៉ឹង មិនរំជើបរំជួលនៅពេលមានគេសើចចំអក ហើយថែមទាំងកាន់តែរឹងប៉ឹងជាងមុនទៀតផង។ ផ្ទុយទៅវិញអ្នកដែលមិនហ៊ានបើកចំហបើដល់ពេលបែកការណ៍ម្តងៗតែងមានអារម្មណ៍ខ្មាសអៀន និងភ័យខ្លាចអ្នកដទៃសើចចំអកជាខ្លាំង។ ការបើកចំហធ្វើឲ្យយើងមានអារម្មណ៍ពេញចិត្តខ្លួនឯងកាន់តែច្រើន មានការយល់ចិត្តគ្នាទៅវិញទៅមក ព្រមទាំងបង្កើននូវក្តីស្រឡាញ់កាន់តែខ្លាំងថែមទៀត។
សង្គមរបស់យើងច្រើនតែផ្តល់សារៈសំខាន់ទៅលើការ "ធ្វើខ្លួនឲ្យនឹងធឹង" ធ្វើខ្លួនឯងឲ្យអស្ចារ្យជាងអ្នកដទៃ ពាក់ស្បែកមុខឲ្យសង្គមមើលឃើញថាល្អ ដើម្បីលើកមុខមាត់ ដើម្បីឲ្យខ្លួនឈរនៅលើតំណែងដែល "មានប្រៀប" ជាងអ្នកដទៃ។ មានវិធីអប់រំជាច្រើនសៀវភៅផ្សេងៗ សិក្ខាសាលាផ្សេងៗតែងណែនាំឲ្យយើងចេះរៀបចំបុគ្គលិកលក្ខណៈ ឬចេះសម្តែងតួឲ្យបានល្អដើម្បីទាញយកប្រយោជន៍ពីសង្គមឲ្យបានច្រើនបំផុត។ យើងច្រើនតែគិតថា ជោគជ័យក្នុងជីវិត ឬការធ្វើឲ្យមនុស្សម្នាក់មកស្រឡាញ់ខ្លួនអាស្រ័យនៅលើថា តើយើងអាចរៀនញញឹមបានល្អប៉ុណ្ណា? ឬមួយយើងពូកែផ្តោះផ្តងវោហារដល់កម្រិតណា ព្រមទាំងអាចលាក់អារម្មណ៍ខាងក្នុងបានពូកែប៉ុណ្ណាដែលអាចថាជាទំនៀមទម្លាប់របស់មនុស្សកម្រិតខ្ពស់ និងដែលពីមួយថ្ងៃទៅមួយថ្ងៃការពូកែសម្តែងល្ខោនបែបនេះ នឹងធ្វើឲ្យមនុស្សម្នាស្រឡាញ់គ្នាកាន់តែពិបាកទៅៗ។
ចូរសាកល្បងគិតទៅមើលថា តើវានឹងមានសេចក្តីសុខ និង"រីកចម្រើន" ទៅមុខប៉ុណ្ណា ប្រសិនបើយើងមានអនុស្សាវរីយ៍ក្នុងការ"រួមមនោសញ្ចេតនា" ជាមួយនឹងនរណាម្នាក់យ៉ាងបើកចំហត្រង់ៗ ហើយបុគ្គលនោះមានចិត្តរីករាយនឹងទទួលស្គាល់អំពី "អត្តសញ្ញាណ"ពិតប្រាកដរបស់យើង ត្រៀមខ្លួនជាស្រេចដើម្បីប្រឈមមុខនឹងចរិតលក្ខណៈប្រែប្រួលយ៉ាងនឹកស្មានមិនដល់របស់យើង ដោយពុំមែនសំដៅលើ "ស្បែកមុខដែលសង្គមបំពាក់ឲ្យ" ឬ "តួនាទីក្នុងសង្គម" ប៉ុណ្ណោះទេ ព្រោះអ្វីទាំងនេះវាអាចគ្រាន់តែជារូបភាពបន្លំភ្នែកក៏មានដែរ។
គ្រប់រូបភាពនៃសម្ព័ន្ធភាពរបស់មនុស្សសុទ្ធតែផុយស្រួយ អាចបែកបាក់បានដោយងាយ និងមានភាពស្មុគស្មាញជាខ្លាំង។ ប៉ុន្តែប្រសិនបើយើងចេះបង្កើតបាននូវសន្តានចិត្តអធ្យាស្រ័យ ទន់ភ្លន់ ដូចដែលយើងចង់ឲ្យអ្នកដទៃប្រព្រឹត្តមកលើខ្លួននោះគឺជាការបង្ហាញឲ្យឃើញថា យើងបានត្រៀមខ្លួនហ្វឹកហាត់អំពីក្តីស្រឡាញ់តាមបែប "សកម្ម" នេះបានហើយ។
ចំណុចនេះអាចនឹងលំបាកបន្តិច ព្រោះសង្គមយើងតែងតែជាន់ឈ្លឺភាពទន់ភ្លន់មិនផ្តល់ការទុកចិត្តចំពោះការបើកចំហហើយបុគ្គលណាដែលសម្តែងចេតនារម្មណ៍ពិតច្បាស់លាស់ពេក ឬឲ្យអ្នកដទៃដឹងពីអារម្មណ៍រំជើបរំជួលរបស់ខ្លួន គេក៏អាចនឹងទទួលរងនូវការសើចចំអកឲ្យអាម៉ាស់មុខជាញឹកញាប់។ នេះគឺជាហេតុផលមួយដែលថា ហេតុអ្វីបានជាក្តីស្រឡាញ់បែបសកម្មពុំមែនជា "ទេពកោសល្យ" ពុំមែនជា "កាដូ" ដែលបានមកដោយងាយៗនោះទេ តែគឺ "ការតស៊ូយកឈ្នះដោយខ្លួនឯង" នេះឯង។ការយកឈ្នះបែបនេះត្រូវអាស្រ័យលើភាពរឹងប៉ឹងមួយប្រភេទ ដែលបើតាមសម្តីអ្នកប្រាជ្ញចិនបុរាណបង្រៀនថា ត្រូវតែ "ទន់ខាងក្រៅតែរឹងខាងក្នុង"។ ប្រសិនបើអ្នកអាចប្រមូលសេចក្តីក្លាហាន និងភាពជឿជាក់រហូតដល់អាចធ្វើខ្លួនឲ្យ "ទន់ខាងក្រៅ" បានហើយនោះ
ទីបំផុតអ្នកនឹងធ្វើឲ្យអ្នកដទៃមានទំនុកចិត្តនិងទទួលអារម្មណ៍ថា "មានភាពកក់ក្តៅ" ពេលបាននៅជិតរូបអ្នក រហូតធ្វើឲ្យគេបន្ទន់អារម្មណ៍"ទន់ភ្លន់" ជាងមុនចេញមក ដោយមិនខ្លាចមានរឿងអាម៉ាស់ក្នុងសង្គម។ គឺការសម្តែងទឹកចិត្តឲ្យដឹងទៅវិញទៅមក ដោយមិនខ្វល់អំពីរឿងឈឺចាប់នេះហើយដែលហៅថា លក្ខណៈជាសកលនៃសម្ព័ន្ធភាពស្នេហាដ៏ពិតប្រាកដនោះ។
ការមានចំណងមេត្រីជាមួយគ្នា និងការទទួលស្គាល់គ្នាទៅវិញទៅមកដូច្នេះតែងបណ្តាលឲ្យមានអារម្មណ៍ថ្មីៗកើតឡើងបន្ថែមជានិច្ច។ ទំនាក់ទំនងស្នេហារវាងមនុស្សមួយគូ នឹងនាំទៅដល់ប្រយោគដែលថា "អរគុណណាស់ដែលអ្នកស្រឡាញ់ខ្ញុំហើយវានឹងជួយឲ្យខ្ញុំអាចរកឃើញខ្លួនឯងសាជាថ្មីម្តងទៀត"។ នៅពេលមនុស្សពីរនាក់សាងអ្វីៗរួមគ្នាបានហើយ អ្វីថ្មីៗក៏នឹងឧប្បត្តិកឡើងលើលោកនេះគឺបុគ្គលិកលក្ខណៈដែលមានគុណសម្បត្តិលើសពីការគ្រាន់តែជាការរួមរស់រវាងមនុស្សពីនាក់និងភាពផុយស្រួយរវាងគ្នា ដែលនឹងនាំទៅរកសេរីភាពពិតប្រាកដយ៉ាងនឹកស្មានមិនដល់។
និយមន័យថ្មីជាសកល
ស្នេហាតែងបង្កើតពិភពមួយរបស់ខ្លួន។ គឺពិភពរបស់អ្នកដែលមានស្នេហានឹងពោរពេញទៅដោយអារម្មណ៍អណ្តែតអណ្តូងងប់ងុលមិនខ្វល់យកចិត្តទុកដាក់ទៅលើរឿងដទៃ ប្រៀបដូចជាមនុស្សមានសតិមិនប្រក្រតីដូច្នោះដែរ។ តែចំពោះមនុស្សដែលមានស្នេហាបែប"សកម្ម" គេនឹងពង្រឹងស្មារតី តាំងសតិ ឆ្លើយតបទៅនឹងមជ្ឈដ្ឋានជុំវិញខ្លួន។ ជីវិតរបស់គេនឹងមិនកាន់តែរួមតូចចង្រ្អៀតនោះទេ តែបែរជារីកទូលំទូលាយក្នុងកាស្វែងយល់ពីវិធីរស់នៅរួមគ្នា និងជីវិតគួកាន់តែច្រើនឡើង។ ការទទួលយកចំណេះដឹងថ្មីៗទាំងនេះ នឹងនាំក្តីស្នេហាឲ្យដើរឆ្ពោះទៅរកពិភពដ៏ធំទូលំទូលាយពោរពេញទៅដោយក្តីស្រឡាញ់ដែលរីកស្រស់បំព្រងត្រសុំត្រសាយ។ ជីវិតដែលមានក្តីស្នេហា
បែបសកម្ម សម្ព័ន្ធភាពរបស់គេនឹងផ្លាស់ប្តូររូបភាពទៅជាមុនទើបសង្គមនឹងផ្លាស់ប្តូរមកតាមជាក្រោយ។
ភាពស្អិតរមួតនៃចំណងសម្ព័ន្ធភាពស្នេហ៍នីមួយ។ កាលបើវាកើតឡើងមកហើយ វាក៏នឹងបង្កើតពិភពថ្មីមួយទៀត។ គូស្នេហ៍នឹងក្លាយទៅជាចំណុចប្រសព្វដ៏ភ្លឺចិញ្ចាច គឺជាគោលដៅរួមនៃអត្ថន័យថ្មីជាសកល។ អ្វីដែលជាទីស្វះស្វែងរបស់ភាគីនីមួយៗ ក៏មិនជួបគ្នានៅត្រង់ចំណុចរួមដែលទទួលស្គាល់ដោយមនុស្សទាំងពីរនាក់។
នារីម្នាក់បាននិយាយពីបទពិសោធន៍ស្នេហ៍លើកដំបូងរបស់ខ្លួន មានសេចក្តីថា "ខ្ញុំស្ទើរតែមិនជឿទាល់តែសោះថាខ្លួននឹងមានអារម្មណ៍បែបនេះ... ខ្ញុំរងចាំឲ្យតែដល់ពេលព្រឹកស្ទើរតែមិនបាន ឬរង់ចាំថ្ងៃស្អែកក៏មិនបានដែរ... ជារៀងរាល់ថ្ងៃមើលទៅ ដូចជាមានអារម្មណ៍ល្អឡើងជាលំដាប់... ខ្ញុំមិនធ្លាប់មានអារម្មណ៍បែបនេះទេក្នុងជីវិត! ខ្ញុំកំពុងធ្វើនូវអ្វីដែលខ្ញុំមិនធ្លាប់ធ្វើមកពីមុន... គំនិតកាន់តែភ្លឺថ្លាជាងមុន... ទំនាក់ទំនងជាមួយនឹងមនុស្សម្នា និងអ្វីផ្សេងៗទាំងឡាយសុទ្ធតែធ្វើឲ្យខ្ញុំមានសេចក្តីសុខទាំងអស់!... អ្វីគ្រប់យ៉ាងហាក់ដូចជាសុបិន... វាវិសេសអស្ចារ្យទាំងអស់!... កម្លាំងពលំ សុខភាព ការងារ និងជីវិតផ្លួវភេទរបស់ខ្ញុំ... ខ្ញុំនឹកមិនឃើញថានឹងមានអ្វីឲ្យល្អប្រសើរ
ជាងនេះទៀតទេ!... សង្ស័យប្រហែលមកពីខ្ញុំមិនធ្លាប់បានទទួលនូវការស្រឡាញ់បែបនេះពីមុនមកក៏មិនដឹង? ខ្ញុំមានអារម្មណ៍ហាក់ដូចជាធ្វើអ្វីក៏បានតាមដែលខ្លួនត្រូវការ..."
យើងតែងទទួលស្គាល់ដូចគ្នាថា ក្តីស្នេហាកើតមានឡើងដោយសារភាពទាក់ទាញខាងផ្លូវភេទ។ ពេលដែលមនុស្សពីរនាក់ស្រឡាញ់គ្នាយ៉ាងពិតប្រាកដនោះ ចាត់ទុកថាជាបទពិសោធន៍ខាងភេទដ៏ផ្អែមល្ហែមគួរឲ្យចាប់អារម្មណ៍។ តែប្រសិនបើអ្នកចេះហ្វឹកហាត់ឲ្យចេះស្រឡាញ់តាមបែប "សកម្ម" បាននោះ បទពិសោធន៍ខាងភេទក៏នឹងមានរសជាតិគួរឲ្យចាប់ចិត្តបន្ថែមទៀត ព្រមទាំងមានភាពស៊ីជម្រៅជាងមុនដោយមិនបាច់ភ័យខ្លាចបាត់បង់ក្តីរំភើបខាងភេទតាមធម្មជាតិរបស់វាឡើយ។ សេចក្តីសុខខាងផ្លូវភេទមានតែកើនឡើងនិងមានអត្ថន័យកាន់តែខ្ពស់ប្រសិនបើយើងចេះអំពីវិធីស្រឡាញ់តាមបែប "សកម្ម" ។
» ថាមពលស្នេហាអាចផ្លាស់ប្តូររូបភាពជីវិតតាមទម្រង់ថ្មី ដែលកាន់តែមានលក្ខណៈជាសកល... គឺជាថាមពលដ៏ខ្លាំងអស្ចារ្យបំផុតនៃចក្រវាល។
ភាពមិនទៀងទាត់
គន្លឹះសំខាន់នៃការផ្លាស់ប្តូរទៅរកគំនិតថ្មីអាស្រ័យនៅលើការ យល់ដឹង អំពីការរីកធំធាត់ពីភាពស្និទ្ធស្នាលដែលនឹងក្លាយមកជាអនុស្សាវរីយ៍រវាងមនុស្សពីរនាក់ផ្សេងពីគ្នា ហើយពីរនាក់ផ្សេងពីគ្នានេះ នឹងធ្វើការផ្លាស់ប្តូរចុះឡើងរវាងការរស់នៅបែកពីគ្នានិងការរស់នៅរួមគ្នាជាលំដាប់លំដោយរៀងរហូតមក។
ទោះបីសម្ព័ន្ធស្នេហានោះជ្រាលជ្រៅប៉ុណ្ណាក៏ដោយ គូស្នេហ៍តែងតែមានការប្រែប្រួលផ្លាស់ប្តូរទៅតាមសម្ពាធរបស់ធម្មជាតិទាំងការ ខិតមករកគ្នា និងការងាកចេញពីគ្នា។ ការដែលត្រូវអត់ធ្មត់ចំពោះស្ថានភាពផ្លាស់ប្តូរដើម្បីសម្ព័ន្ធភាពស្នេហ៍រីកចម្រើនបាននោះទាមទារឲ្យភាគីទាំងពីរត្រូវបណ្តោយឲ្យហេតុការណ៍ផ្សេងៗស្ងប់ស្ងាត់ទៅដោយខ្លួនឯងតាមធម្មជាតិ ជាជាងការខិតខំប្រទាញប្រទង់ប្រកាន់យកតែម្ខាងៗ និងទាមទារចង់បានស្ថិរភាពជ្រុលហួសហេតុ។
កាពិតទៅ ប្រសិនបើយើង ជាប់ជំពាក់ កាន់តែខ្លាំង ទោះបីជាចំណងស្នេហ៍ពុះពោរប៉ុណ្ណាក៏ដោយ ក៏នឹងត្រូវរលត់ទៅវិញបានដោយងាយ ដូចពាក្យដែល ឡៅជឺ បានបង្រៀនថា "កាន់តែរឹតបន្តឹង កាន់តែរបូត" ដូច្នោះដែរ។ ចំណងស្នេហ៍ដែលចងរឹតបន្តឹងមិនឲ្យរបេះ អាចនឹងរបូតចេញទៅពេលណាក៏បាន ប្រសិនបើមិនចេះបន្ធូរបន្ថយខ្លះទេនោះ។
ក្នុងទំនាក់ទំនងស្នេហាណាៗក៏ដោយ ការទុកចិត្តគ្នា គឺជារឿងសំខាន់បំផុត។ ការទុកចិត្ត ភាពអត់ធ្មត់ និង ភាពស្មោះត្រង់ ប្រការទាំងបីនេះមិនមែនចេះតែកើតមានឡើងចំពោះនរណាម្នាក់បានដោយងាយនោះទេ ចាំបាច់ត្រូវតែមានការហ្វឹកហាត់ជាបន្តបន្ទាប់។ អ្នកត្រូវចងចាំថា ប្រសិនបើអ្នកខ្លាចការផ្លាស់ប្តូរប្រែប្រួល ខ្លាចបាត់បង់ភាពសុខដុមមនោរម្យចាប់តាំងពីដំបូងទីទៅ ដែលជាធម្មតា នេះជាដំណាក់កាលដែលសម្ព័ន្ធភាពស្នេហ៍នៅផុយស្រួយ និងតែងតែជួបភាពរង្គោះរង្គើនិងបរាជ័យសព្វបែបសព្វយ៉ាងនោះទីបញ្ចប់អ្នកនឹងមិនបានស្គាល់ពីរសជាតិសារៈសំខាន់នៃសេរីភាព ដែលជាប្រភពនៃសេចក្តីសោមនស្សរីករាយយ៉ាងពិតប្រាកដនោះឡើយ។ សូមកុំភ្លេចថាចង្វាក់នៃដំណើរជីវិតរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ។ គេមិនអាចយកជីវិតមនុស្សមកផ្សំបញ្ចូលឲ្យស៊ីគ្នាដោយងាយៗបានទេ។ ឯចង្វាក់របស់ស្នេហាក៏ដូចគ្នាដែរ។
អ្នកអាចនឹងត្រូវការស្ថេរភាព ឬភាពគង់វង្ស តែគួស្នេហ៍របស់អ្នកគេចង់បានសភាព "បត់បែន" ទៅវិញ។ រឿងបែបនេះតែងតែបង្កឲ្យមានបញ្ហាស្មុគស្មាញ ការឈឺចាប់ផ្សេងៗ លើកលែងតែអ្នកហាត់ជម្រះចិត្តប្រកបដោយជំនឿថាការស្រឡាញ់ស្នេហ៍ស្និទ្ធកើតមានចំពោះតែមនុស្សរឹងប៉ឹងនិងមានភាពជាម្ចាស់លើខ្លួនឯងប៉ុណ្ណោះ ព្រោះការផ្តល់ឱកាសឲ្យមានការផ្លាស់ប្តូររបស់ភាគីម្ខាងទៀត មិនមែនមានន័យថា អ្នកព្រមធ្វើជាទាសករផ្នែកអារម្មណ៍របស់គេនោះទេ វាជារឿងខុសដាច់ពីគ្នា។ អ្នកត្រូវតែត្រៀមខ្លួនទុកជាមុនដើម្បីប្រឈមមុខនឹងបញ្ហាផ្សេងៗ។ អ្នកត្រូវតែចេះពីវិធី "រៀបចំដំណើរការស្នេហា" ទៅតាមសភាពបត់បែន ទៅតាមលក្ខខណ្ឌថ្មីៗ ដែលយើងហៅថា"ចិត្តសាស្ត្រស្នេហ៍" នេះឯង។
យើងម្នាក់ៗតែងមានធនធាននៅក្នុងខ្លួនស្រាប់មកហើយ គឺចេះស្រឡាញ់។ អ្នកមិនចាំបាច់ត្រូវ "រងចាំ" ទាល់តែអ្នកដទៃមកសុំស្រឡាញ់ ជាជាងការបង្ហាញពីក្តីស្រឡាញ់របស់ខ្លួននោះទេ។
"បើចង់ស្វែងរកគូស្នេហ៍ អ្នកត្រូវតែបញ្ចេញវាឲ្យឃើញរូបរាងជាមុនសិន!"
ចូរទន្ទេញមន្តគាថាមួយឃ្លានេះឲ្យស្ទាត់ លុះត្រាតែសម្រេចជោគជ័យ!
ប្រការគួចងចាំ...
១. ស្នេហាកើតឡើងលើមូលដ្ឋាននៃអនុស្សាវរីយ៍រួមគ្នា និងការបើកចំហផ្លូវចិត្តឲ្យភាគីម្ចាងទៀតបានដឹងដោយត្រង់។ ប្រការនេះមានន័យថា អ្នកព្រមទទួលស្គាល់ភាពជាម្ចាស់លើខ្លួនឯងរបស់ភាគីម្ខាងទៀត ហើយក៏ធ្វើឲ្យភាគីនោះព្រមទទួលស្គាល់អំពី "អត្តសញ្ញាណ"របស់អ្នកវិញផងដែរ។
២. ការបង្ហាញពីអារម្មណ៍ដោយសេរី (មិនខំសម្តែង) ដោយធម្មជាតិ ដោយមិនខ្លាចញញើតនឹងការចំអកឡកឡើយ មិនខ្លាចគេយកប្រៀបឬបដិសេធ និងធ្វើឲ្យអ្នកអាចទទួលស្គាល់និងជឿលើខ្លួនឯងកាន់តែខ្លាំងឡើងជាលំដាប់។
៣. ដើម្បីស្រឡាញ់មនុស្សម្នាក់ អ្នកត្រូវចេះទទួលស្គាល់អ្នកដទៃតាមសភាពពិតរបស់គេ ដោយមិនត្រូវដាក់លក្ខខណ្ឌអ្វីចំពោះទង្វើរបស់គេឡើយ។
៤. សម្ព័ន្ធភាពស្នេហារមែងប្រែប្រួលចុះឡើង ក្នុងកំឡុងពេលដែលរួមគ្នានិងក្នុងកំឡុងពេលបែកគ្នាជារយៈៗ។ ការព្យាយាមគ្រប់គ្រងស្ថិរភាពមិនឲ្យមានការប្រែប្រួលជាជាងការបណ្តោយឲ្យសម្ព័ន្ធភាពស្នេហារីកចម្រើនទៅតាមធម្មជាតិរបស់វានោះ ភាគច្រើនបែរជាផ្តល់ផលអាក្រក់ជាងផលល្អទៅវិញ។
៥. សម្ព័ន្ធភាពស្នេហានឹងមានតុល្យភាពរវាងសេរីភាពបុគ្គលម្នាក់ៗ ជាមួយនិងចំនងរួមគ្នា។ សម្ព័ន្ធភាពស្នេហានឹងរីកចម្រើនៅពេលដែលគូស្នេហ៍ម្នាក់ៗដឹងពីតម្រូវការរបស់ខ្លួនឯង ព្រមទាំងដឹងពីរតម្រូវការរបស់ភាគីម្ខាងទៀតផងដែរ។
៦. ការព្យាយាមលះបង់ភាពជាម្ចាស់ខ្លួនឯង ដោយសារតែចង់រក្សាស្នេហាស្មោះត្រង់ គឺមានតែនាំឲ្យចំបែងសៅហ្មងក្នុងចិត្តប៉ុណ្ណោះ តែព្រមពេលគ្នានេះដែរការព្យាយាមរក្សាភាពជាម្ចាស់ខ្លួនឯងយ៉ាងផ្កាប់មុខ ក៏មិនអាចជួយអ្វីឲ្យល្អបានដែរ ក្រៅតែពីបង្កនូវសេចក្តីខ្វល់ខ្វាយដល់ខ្លួនតែប៉ុណ្ណោះ។ ការចេះសម្របសម្រួល គឺជារឿងល្អបំផុត។
៧. គ្មាននរណាអាចឱបជាប់នូវ "អារម្មណ៍ស្នេហ៍" បានគ្រប់ពេលវេលាទេ! អារម្មណ៍ដែលឡើងចុះៗជារយៈៗបែបនេះ ប្រសិនបើបណ្តោយទៅតាមធម្មជាតិរបស់វា វាក៏នឹងអាចបាត់បង់ទៅវិញ ហើយក៏នឹងកើតឡើងមកវិញដោយខ្លួនឯង។
៨. ដើម្បីស្រឡាញ់នរណាម្នាក់ អ្នកមិនចាំបាច់ទាល់តែដឹងច្បាស់ថាភាគីម្ខាងទៀតគេស្រឡាញ់ខ្លួនហើយ ទើបយើងបង្ហាញអារម្មណ៍ខ្លួន ឯងឲ្យគេដឹងតាមក្រោយនោះទេ អ្នកត្រូវតែហ៊ានប្រថុយក្នុងការបើកបង្ហាញពីបេះដូងរបស់ខ្លួនដើម្បីបញ្ជាក់ពីក្តីស្រឡាញ់ចំពោះនរណាម្នាក់ ជាជាងការសំងំស្ងៀមរង់ចាំឲ្យអ្នកដទៃមកបង្ហាញពីក្តីស្រឡាញ់ចំពោះខ្លួន។ ចូរផ្តើមបង្ហាញពីក្តីស្រឡាញ់នេះចេញទៅ!...យ៉ាងណាៗ អ្នកគង់តែដឹងជាមិនខាន!....
អត្ថបទនេះមានក្នុងសៀវភៅ ៖ចិត្តសាស្រ្តសាងស្នេហ៍

No comments:
Post a Comment