Tuesday, 26 April 2016

ជំនឿធ្វើឲ្យស្លាប់បញ្ញា


       
ជំនឿធ្វើឲ្យស្លាប់បញ្ញា

យើងគិតមើលនៅលើលោកយើងនេះមានរបស់ ២យ៉ាង គឺ ១ អត់រូប និង១មានរូប ។
 វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ អត់រូបទេ, រទេះ ចាន ឆ្នាំង តុ ទូ កៅអី មានរូប ។ របស់ទាំងមានរូប ទាំងឥតរូបគេបង្កើតវាមកដើម្បីប្រើជាប្រយោជន៍ ឧបមាគេប្រើកៅអីអញ្ចឹងដល់ពេលគេឆ្នៃកៅអីទៅជាកង់ គឺគេឆ្នៃវាយកមកប្រើណា អាណាប្រើអត់បានជាប្រយោជន៍គេលុបវាចោល ដូចជារទេះគោ ឥឡូវជិតបាត់អស់ហើយ ក្អមទឹកអី គេជិតលុបបាត់អស់ហើយ ។ ហើយយើងតែងតែគិតថា ចុះគេលុបធ្វើអី កាលពីជំនាន់មុន
គេយកថ្មផង មកកាប់អារសាច់ គេយកថ្មតើ មានកាំបិតមកពីណាកាលពីមុន ហើយម៉េចបានជាគេលុបចោលថ្ម ចឹងបាត់ប្រពៃណីខ្ញុំទៅណាហើយ ? ប្រពៃណីក៏ដោយ ទំនៀមទំលាប់ក៏ដោយ របស់មានរូបក៏ដោយ របស់ឥតរូបក៏ដោយ គេបង្កើតមកដើម្បីយកមកប្រើឲ្យបានជាប្រយោជន៍ អាណាមិនមានប្រយោជន៍គេជំរុះវាចោលរហូត ។ ប្រពៃណីក៏វាអញ្ចឹងដែរ កាលពីដើមគេការ ៣យប់ ៣ថ្ងៃណា៎ ឥឡូវម៉េចក៏គេមិនការ ៣យប់ ៣ថ្ងៃតាមប្រពៃណីទៀតទៅ ហើយកូនប្រុសទៅបម្រើម៉ែក្មេកខាងស្រី១ឆ្នាំឲ្យគេមើលចរិត ឥឡូវម៉េចក៏មិនទៅទៀតទៅ ហើយលុបចោលទៅណាអស់ហើយ ម៉េចក៏មិនខូចប្រពៃណី ទំនៀមទំលាប់អីផង ។ អ្វីដែលមិនមានប្រយោជន៍ គេត្រូវតែលុបវាចោលចឹងហើយ យើងជាមនុស្សសម័យក្រោយ យើងត្រូវយកមកពិចារណាថា ទំនៀមទំលាប់ ប្រពៃណីហ្នឹងវាត្រូវរឺអត់? នែ៎! អ្នកបដិវត្តក្នុងលោកកើតឡើង គឺសុទ្ធតែចឹងទាំងអស់ពិចារណាឃើញថា ត្រឹមត្រូវហើយហ៊ានកាន់ទស្សនៈរបស់ខ្លួនហ្នឹង ដើម្បីដើរកាត់ហ្វូងមនុស្សទាំងហ្វូង អ្នកដឹកនាំគឺសុទ្ធតែអញ្ចឹងទាំងអស់ណា ។ ទីបំផុតត្រូវងាប់ដោយសារដុំថ្មរបស់ពួករោមគោទាំងអស់ហ្នឹង មនុស្សសាមញ្ញវាកើតមកច្រើនណាស់ តែមនុស្សអ្នកប្រាជ្ញយូរៗមួយ អ្នកឆ្នើមហ្នឹងយូរៗមួយ កើតមកមួយលានមិនទាន់មានមួយផង ដល់ពេលទីបំផុត អាអ្នកប្រាជ្ញហ្នឹងងាប់ដោយសារដុំថ្មរបស់អ្នកល្ងង់ គេឲ្យគតិមួយគឺថា​ «យើងភ្នែកភ្លឺទៅនៅនគរខ្វាក់នឹកឃើញថា អញបានធ្វើស្តេចហើយ ព្រោះអញនៅនគរខ្វាក់ គេងងឹតទាំងអស់ ស្រាប់តែទៅនិយាយរឿងពណ៌អញ្ចេះ ពណ៌មានស្អាតអញ្ចុះ អ្នកខ្វាក់និយាយថា មើលហែងចាប់ដៃអ្នកណុងឲ្យជាប់ វ៉ៃអាណុងឲ្យងាប់មើល៍ ភ្លើអីវាមកនិយាយរឿងពណ៌អីវា ដល់ពេលយើងភ្លឺតែឯង គេថា យើងឆ្កួតណា»​ ។ យើងពិចារណាត្រង់ចំណុងហ្នឹងតិចមើល៍ នៅពេលដែលយើងនិយាយថា មនុស្សតែងតែដាក់ចិត្តក្នុងជំនឿណាមួយហើយ មនុស្សនោះបញ្ចប់ចំណេះដឹងរបស់ខ្លួនហើយ ឧបមាថា ខ្ញុំយកផ្តិលមួយគ្របជិតហើយ ខ្ញុំប្រាប់ថា នៅក្នុងហ្នឹងមានពស់ឆ្វាយរង្វេលមួយនៅក្នុងហ្នឹង បើប្អូនជឿ ប្អូនឈប់រិះរកមធ្យោបាយបើកមើលហើយ បើប្អូនជឿហើយ ប្អូនដាក់ជំនឿហើយ ប្អូនលែងប្រើបញ្ញារបស់ខ្លួនហើយ លែងប្រើក្បាលរបស់ខ្លួន ប្អូនstop បញ្ញារបស់ខ្លួន ។ ព្រះពុទ្ធលោកត្រាស់ដឹង មកពីមិនព្រមជឿហ្នឹងណា រកមធ្យោបាយ បើកទាល់តែបានទៅវាយ៉ាងម៉េចវ៉ី ។ ហើយអាគ្របហ្នឹងហើយដែលឈ្លោះគ្នានោះ នុ៎ះថាមានពស់ នុ៎ះថាអត់ពស់ទេ អ្នកខ្លះថា មិនមានពស់ទេ មានដុំថ្មនៅក្នុងហ្នឹង ខ្លះថា មានដុំពេជ្រនៅក្នុងហ្នឹង ។ សាសនាសព្វថ្ងៃគឺអញ្ចឹង ងាប់ទៅអាទិទេពនេះយកទៅ ហេ! មិនមែនទេ អាទិទេពនេះយកទៅទេ នែ៎! អាទិទេពអញបានត្រូវ អាទិទេពគោ អាណោះ អាទិទេពពស់ អាណោះគោរពភ្លើង អាណោះយ៉េសូ ឯណោះម៉ូស្លីម អញព្រះពុទ្ធបោះបាយបិណ្ឌដើម្បីឲ្យជីដូនជីតាអញ​
បានស៊ី ហើយចុះ អាមេរិចកាំង គេជឿយេស៊ូ ពួកហ្នឹងងាប់ទៅអត់កើតជាប្រែតទេឬ? បើធម្មជាតិមានតែមួយ ហើយបើសិនងាប់ទៅជាប្រែត មានន័យថា ប្រែតរបស់អាមេរិចកាំងអត់មានអីស៊ីហើយអញ្ចឹង ចឹងមិនដាក់ទំនាយជនជាតិអាមេរិចកាំងក្រអស់ហើយ ប្អូនមិនពិចារណាមើល ព្រះសម្មាសម្ពុទ្ធមិនមែនជាអ្នកសាសនាដូចគេទេ ព្រះពុទ្ធបង្រៀនយើងថា កាលណាមនុស្សធ្លាក់ចូលក្នុងជំនឿ មនុស្សបិទសេរីភាពក្នុងការគិតរបស់ខ្លួនហើយ មិនមែនជាផ្លូវដែលព្រះសម្មាសម្ពុទ្ធនាំអ្នកទៅទេ ពីព្រោះតថាគតនាំអ្នកទៅត្រាស់ដឹង សីល សមាធិ និងបញ្ញា ។ តថាគតនាំអ្នកឲ្យបើករបស់ដែលផ្កាប់ទាំងឡាយ ឲ្យវាផ្ងារឡើង កាលណាផ្ងារ ទាំងយេស៊ូក៏ដោយ ទាំងម៉ូស្លីមក៏ដោយ ទាំងសាសនាណាក៏ដោយ គឺមកជួបគ្នាត្រង់អារឿងបើកហ្នឹងឯង អ្នកណាថា មានអី មានទៅ ដល់ពេលបើកឡើងទៅ វាមានអី មានប៉ុណ្ណឹងហើយ ។ នែ៎! ឥឡូវប្អូនៗមកតាមជំនឿដដែល តាំងពីតូចមកខ្ញុំឃើញម៉ែទៅវត្ត ខ្ញុំក៏ទៅវត្តដែរទៅ ខ្ញុំឃើញម៉ែខ្ញុំអុជធូប ខ្ញុំក៏អុជធូបដែរទៅ ឃើញយាយខ្ញុំបោះបាយបិណ្ឌ ខ្ញុំក៏បោះបាយបិណ្ឌដែរទៅ មានដែលពិចារណា វាធ្លាក់ក្នុងជំនឿត្រង់ហ្នឹងតាហ្មង ត្រង់ថា យាយខ្ញុំធ្លាប់ជឿរឿងបោះបាយបិណ្ឌ ខ្ញុំក៏ជឿត្រង់បោះបាយបិណ្ឌហ្នឹងដែរទៅ ។ មានរឿងក្មេងម្នាក់វាសួរពូគេថា ពូខ្ញុំឆ្ងល់ណាស់ អាទៀនហ្នឹងក្រែងគេធ្វើមកដើម្បីបំភ្លឺ? ខ្ញុំធ្លាប់នៅផ្ទះខ្ញុំពេលគ្មានភ្លើងអុជ អត់ភ្លើងអគ្គិសនី ខ្ញុំអុជទៀនហ្នឹងសម្រាប់មើលសៀវភៅ ពេលណាខ្ញុំទៅក្រោយ ខ្ញុំខ្លាចធ្លាក់ក្រឡុកអីចឹង ខ្ញុំកាន់អាទៀនហ្នឹងទៅ ហ៊ី!អាម៉េចនៅក្នុងវត្តគេអុជទៀនហ្នឹងពូ ព្រះពុទ្ធលោកឆាន់ទៀនហ្នឹង ឬលោកចូលចិត្តអាហ្នឹងណាស់យ៉ាងម៉េចព្រះពុទ្ធហ្នឹង ហើយអុជហ្នឹងវាបានភ្លើងហ្នឹងទៅណាមកណីពូ? វាមិនព្រមជឿដល់ពេលវាមិនព្រមជឿវាស្រាវជ្រាវ ។ ហើយយើងនៅត្រឹមជឿហ្នឹង ម៉ែខ្ញុំជឿ ខ្ញុំជឿដែរ ព្រះសម្មាសម្ពុទ្ធប្រាប់ថា នែ៎! ព្រះធម៌ដែលជាមេរៀនត្រាស់ដឹងរបស់តថាគតនោះណា ៥០០០ព្រះវស្សារលាយន័យបាត់ឈឹង រលាយន័យបាត់ឈឹង ព្រោះអ្វី? ពីព្រោះពុទ្ធបរិស័ទមកក្នុងជំនឿ តថាគតនាំអ្នកឲ្យបើកនូវរបស់ផ្កាប់ទាំងឡាយឲ្យផ្ងារវា ឲ្យដឹងថា ក្នុងហ្នឹងមានអ្វីខ្លះ ហ្នឹងចឹងណាប្អូន ដល់យើងឥឡូវ ប្អូនប្រើតែជំនឿ ហើយគេសួរព្រះសម្មាសម្ពុទ្ធថា ពីណាអ្នករំលាយព្រះធម៌ហ្នឹងព្រះអង្គ? សឹងតែព្រះពុទ្ធខោក ហ្នឹងនិយាយលេងចុះ នែ៎! គ្មានពីណាទេ ពួកឯងទាំងអស់គ្នាហ្នឹងណា គឺភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា មិនមែនយេស៊ូទេចឹង យ៉េស! មិនមែនទេ ពួកអ្នកទាំងអស់គ្នាហ្នឹង ជាអ្នករំលាយចោល ។ ឥឡូវប្អូនមើលមើល៍ របៀបដែលយើងកាន់ព្រះធម៌ហ្នឹងរលាយអត់ ពីព្រោះព្រះពុទ្ធលោកនាំយើងទៅត្រាស់ដឹង ឥឡូវយើងនាំគ្នាជឿ ។ ព្រះសម្មាសម្ពុទ្ធលោកផ្តាំហើយផ្តាំទៀតថា ឲ្យតែអ្នកធ្លាក់ចូលជំនឿហើយ អ្នកបញ្ឈប់ការត្រាស់ដឹងហើយ មិនមែនជាផ្លួវរបស់ព្រះតថាគតទេ ។ ហើយសួរថា ប្អូនដែលបើកសៀវភៅធម៌មើលតិចអត់ គឺអត់ហ្នឹងឯង ដល់ចឹងមានតែជឿ អាត្រង់ហ្នឹងហើយ ដែលខ្ញុំគិតថា យើងគួរតែប្តេជ្ញាចិត្ត ដើម្បីដាក់ទស្សនៈគំនិតណាដែលត្រឹមត្រូវ ហើយលុបបំបាត់នូវគំនិត ឬទស្សនៈណាដែលវាខុសឆ្គង ប៉ុន្តែត្រូវសាគួក្បាលនេះរងដុំថ្មគេឲ្យហើយទៅ យើងជាអ្នកនាំគេមកយល់អ្វីដែលគេយល់ថា ត្រូវ នៅពេលដែលគេយល់ខុសពីយើងទាំងហ្វូង ត្រៀមដុំថ្មឲ្យហើយ អាដុំថ្មដែលខ្ញុំនិយាយហ្នឹង ចង់និយាយថា គេជេរ គេថាឲ្យយើង ទៅនេះ ទៅនោះឮតែគេថា ហ៎! អាហ្នឹងអញ្ចេះ អាហ្នឹងអញ្ចុះ រងពាក្យ រងសម្តី តែសួរថា ទោមនស្សអត់ ? ថាអត់ទោមនស្សអីតិចផង ថីបានអត់ទោមនស្ស ព្រោះ បានគិតទុកជាមុនរួចស្រេចថា ប្រាកដជាកើតរឿងអញ្ចឹង មនុស្សល្ងង់គឺអញ្ចឹង ដល់ពេលចឹង យើងមានតែសើច ជូនកាលដល់ពេលយើង
ងាប់បាត់ ១០០ឆ្នាំ ២០០ឆ្នាំទៅ ក្មេងៗនៅជំនាន់ក្រោយស្តាប់សំលេង ឬសម្តី តាមរយៈមើលសៀវភៅ មើលអ្វីបស់យើងបានដឹងថា អូ! ដូនតាអញកាលពីជំនាន់ណុងនិយាយត្រូវតើ អ្នកនៅជំនាន់ណុងមិនឲ្យតម្លៃគាត់ទេ ដល់ពេលគាត់ស្លាប់ទៅបានដឹងថា អូ! ទស្សនៈ គំនិតគាត់ត្រឹមត្រូវ ។ អញ្ចឹងសូមឲ្យប្អូនរៀនបើកគំនិតឡើង កុំធ្លាក់ចូលក្នុងរឿងជឿ បើខ្ញុំថា បោះបាយបិណ្ឌ អុជធូប បួងសួងមិនត្រូវ ហេតុអ្វីបានជាមិនត្រឹមត្រូវ ប្រាប់មកខ្ញុំបន្តិចមើល៍ ខ្ញុំយល់ថា ត្រូវព្រោះវាចេះៗ ។ ពួកបរទេស គេឆ្ងល់ខ្មែរថា ក្រយ៉ាងហ្នឹងហើយបំផ្លាញ អីក៏បំផ្លាញយ៉ាងណុងហាស៎ ដូចយើងមើលទៅពួកភ្នងចឹងប្អូន គេមើលមកយើង ។ ប្រទេសណាមួយដែលរួមរិតដោយប្រពៃណី មិនដែលរីកចម្រើនរួចទេប្អូន ពួកអាខ្មៅៗណុងដាក់កងវែងណាណី ហើយចោះមាត់ ចោះអី ហើយប្អូនឯងទៅយករបស់វាចេញមក វាស្រែកថាខូចប្រពៃណី ខូចប្រពៃណី ងាប់ហើយរឿងប្រពៃណីរបស់វាហ្នឹង យើងក៏អញ្ចឹងដែរ អត់មានគិតថា ប្រពៃណីរបស់យើងត្រឹមត្រូវ ឬក៏អត់ទេ? ដល់ឃើញពួកភ្នងហ្នឹង សើចគេ មិនដឹងថា ពួកអឺរ៉ុបសើចយើងបន្ត អត់ដឹង វាថា​ យើងបំផ្លាញ ប្អូនគិតមើល ៤០០០វត្តជាង ហើយម៉ាព្រឹកៗអស់ប៉ុន្មានគីឡូអង្ករ ប្អូនមើលមើល៍ តែមួយគីឡូម៉ាវត្ត ចុះ៤០០០វត្ត មិនស្មើ​ ៤០០០គីឡូ មិនស្មើ ៤តោន ហើយចុះបាយម៉ាគគោក ប៉ុន្មានគីឡូទៅ? ប្អូនឯងទៅមើលរបៀបបោះបាយបិណ្ឌហ្នឹង មើលគេបោះបាយបិណ្ឌ គឺដើម្បីធ្វើបុណ្យ ហើយអ្នកទៅបោះបាយបិណ្ឌហ្នឹង បើក្មេងៗវិញទៅញ៉ែតែគ្នា ហ្នឹងប្រើពាក្យឲ្យពិរោះ បើប្រើពាក្យឲ្យអាក្រក់វិញថា ដោយញីដោយឈ្មោល កន្លែងណុងតាហ្មង ។ ហើយប្រសិនណា ជានិយាយរឿងអ្នកទៅធ្វើបុណ្យគឺ អ្នកចិត្តស្អាត អ្នកចិត្តល្អ ទៅដល់ស្មើទោស ដណ្តើមគ្នាបោះមុន បោះក្រោយ សុទ្ធតែមនុស្សចិត្តអាក្រក់ បើមនុស្សចិត្តល្អឲ្យគេបោះមុនទៅ ព្រោះយើងចិត្តល្អ យើងមកមុនក៏ឲ្យគេទៅមុនទៅ នេះដណ្តើមគ្នាតាហ្មង ។ បុណ្យមិនមែនទិញបានទេណាប្អូន ទាល់តែប្អូនរៀនធ្វើរឿយៗ ។ បុណ្យ គឺមនុស្សដែលមានចិត្តបុណ្យ ជាមនុស្សមានចិត្តសប្បុរសណាស់ ចុះបើយើងធ្វើម៉េចឲ្យតែបានមុន ដើម្បីឲ្យបានបុណ្យមកអញច្រើនជាង ដូចគម្ពីរខ្លះគេថា ដាក់បាត្រព្រះសម្មាសម្ពុទ្ធបានបុណ្យ បានអានិសង្សច្រើនណាស់ គេថាអញ្ចឹង បើព្រះសម្មាសម្ពុទ្ធនិមន្តមកនៅទីក្រុងភ្នំពេញយើងនេះវិញ មនុស្សទៅជាន់ព្រះសម្មាសម្ពុទ្ធបរិនិព្វានបាត់មើលទៅ បរិនិព្វានបាត់មែន ព្រោះអ្វី? ពីព្រោះមនុស្សចង់បានបុណ្យ នាំគ្នាជាន់កករគ្នាទៅដាក់បាត្រ ហើយដល់ពេលចុងក្រោយបានពីណាអ្នកទៅដាក់មុនគេ គឺបានតែអាមនុស្សខូចជាងគេ អាណាមានកាំភ្លើងបាញ់ទាំងៗៗឡើងលើ មនុស្សនាំគ្នារត់ចោលអស់ នៅសល់តែវាបានដាក់បាត្រមុនគេ ។ ហើយសួរថា បានបុណ្យទេ ? សុទ្ធតែមនុស្សមានកាំភ្លើងអញ្ចឹងដាក់បាត្រមុនគេ ពិចារណាមើលមើល៍ ហើយរកហេតុផលឃើញទេ ហើយចេះតែជឿ ប្រពៃណីម៉ែខ្ញុំចឹង ប្អូនគ្មានបានត្រាស់ដឹងអីរួចទេ បើប្អូនរួមរិតដោយប្រពៃណី ធ្លាក់ចូលដល់ក្នុងការជឿហើយ ប្អូនបាត់សេរីភាពក្នុងការគិតពិចារណា ហើយប្អូនដូចជាលែងទុកចិត្តលើក្បាលខ្លួនឯង ។ ព្រះសម្មាសម្ពុទ្ធ ព្រោះតែរឿងមិនជឿហ្នឹង ពីណាប្រាប់ម៉េច ទុកសិន អញមិនទាន់បដិសេធទេ ទុកសិនចាំស្រាវជ្រាវទៀត ស្រាវជ្រាវរហូត ស្រាវជ្រាវយូរៗ ត្រាស់ដឹងតាហ្មងទៅ ។

            ដូច្នេះ សូមប្អូនកុំទាន់ទទួលយកអ្វីដែលប្អូនមិនទាន់បានគិតត្រិះរិះពិចារណា ដោយបញ្ញារបស់ខ្លួនយើងឡើយ ចាំយកទៅអនុវត្ត ឬក៏ពិសោធន៍ឲ្យឃើញសេចក្តីពិតថា វាអញ្ចឹងមែនចាំប្អូនទទួលយកចុះ ។

ដកស្រង់នឹងវាយអត្ថបទដោយបងៈ វ៉ាន់ កនិដ្ឋ

No comments:

Post a Comment