| តើអ្វីទៅជាព្រះធម៌? |
បច្ចុប្បន្ននេះប្រជាពលរដ្ឋខ្មែរជាង៩០%
ជាពុទ្ធសាសនិក ។ គេច្រើនយល់ថា ព្រះពុទ្ធសាសនាមានតម្លៃណាស់ មិនត្រូវ
យកលាយឡំជាមួយនឹងសង្គមមនុស្សទេ ។ បើមើលតាមការបែងចែកនេះ យើងអាចសន្និដ្ឋានបានថា
ប្រជាពលរដ្ឋខ្មែរមិនទាន់ស្គាល់ច្បាស់ថា អ្វីទៅជាព្រះធម៌ អី្វទៅជាសង្គមមនុស្សយើងរស់នៅនៅឡើយទេ
។
អ្វីទៅជាធម៌?
ធម៌ គឺធម្មជាតិ
គឺអ្វីៗគ្រប់យ៉ាងដែល អាចកើតមានឡើងក្នុងលោក រាប់បញ្ចូលទាំងជីវិតមនុស្សសត្វផងដែរ (សព្វេ ធម្មា
សង្ខារា)
។ លក្ខណៈមួយនៃធម៌ គឺទុក្ខ ។ ការកើតបានជាជីវិតនេះ មិនត្រឹមតែដោយ សារធម៌ទេ តែលក្ខណៈនៃការកើតជាជីវិតនេះតែម្តង
គឺជាធម៌ ។ លក្ខណៈនៃជីវិតគឺការមានបញ្ហាត្រូវដោះស្រាយ ។ មូលហេតុ
ដែលព្រះពុទ្ធស្វែងរកធម៌ត្រាស់ដឹងធម៌ ហើយបង្រៀនមេរៀនធម៌ដែលមនុស្សលោក គឺមកពីមានទុក្ខ
ឬបញ្ហាជីវិតផ្ទាល់ ដែលកំពុងកើតមានជាក់ស្តែង ចំពោះមនុស្សគ្រប់គ្នានេះឯង ។
ព្រះពុទ្ធ មិនបានបង្កើតសាសនា
ប្រពៃណី
ឬក៏ពិធីកម្មជំនឿងប់ងុលតាមបែបសាសនាសម្រាប់ខ្មែរ ឬជាតិសាសន៍ណាមួយនោះ ទេ
តែធម៌ដែលព្រះពុទ្ធត្រាស់ដឹងគឺជាដំណើរធម្មជាតិដែលបង្កើតបានជាជីវិតនេះ
រួមទាំងបញ្ហាដែលជាប់មកជាមួយជីវិតនេះ ។ ពាក្យថាស្វែងរកធម៌ មិនមែនមានន័យថា
ជាការស្វែងរកផ្លូវគេចវេសចេញពីសង្គមមនុស្ស
ទៅតាំងខ្លួននៅទីខ្ពស់ដាច់ពីសង្គមមនុស្សនោះទេ ។ ផ្ទុយទៅវិញ ពាក្យថាស្វែងរកធម៌
គឺការស្វែងរកវិធី ឬរបៀបសម្រាប់ដោះស្រាយបញ្ហាជីវិតជាក់ស្តែងនេះ គឺជាសិល្បៈនៃការរស់
ហើយនោះហើយគឺមេរៀនធម៌ ឬព្រះធម៌ ។
មេរៀនធម៌
ឬព្រះធម៌
មេរៀនធម៌ ឬព្រះធម៌ដែលព្រះពុទ្ធត្រាស់ដឹង
ហើយបានយកមកបង្រៀនយើងនេះ គឺសម្រាប់ទុកឲ្យអ្នកបដិបត្តិយកមកអនុវត្ត
ដើម្បីទទួលបាននូវផលប្រយោជន៍ក្នុងពេលនេះ ក្នុងជាតិនេះតែម្តង ។
ដើម្បីឲ្យកាន់តែងាយយល់យើងអាចហៅព្រះធម៌ថា គឺជាមេរៀនដែលសិក្សាអំពីធម៌ ។
តែមានអ្នកយល់ខុសក្នុងមេរៀនធម៌មួយចំនួន បដិបត្តិធម៌ក្នុងន័យគ្រាន់តែជាអបិយជំនឿសម្រាប់រំដោះគ្រោះ
ឬអង្វរកបួងសួង សុំសុខ បែបជាពិធីកម្មសាសនាប្រពៃណីទំនៀមទម្លាប់ទៅវិញ ។ ពួកគេរៀនមេរៀនធម៌ត្រឹមតែជាលក្ខណៈទ្រឹស្តីសូធ្យចាំមាត់
តែបើមើលទៅលើការអនុវត្តវិញ នៅតែមិនទទួលបានផលប្រយោជន៌អ្វី សម្រាប់ជីវិត
និងសម្រាប់សង្គមសោះ ។ ផ្ទុយទៅវិញ បែរជារឹតតែបង្កឲ្យសង្គមខ្មែរយើងនេះ
មានភាពស្ពឹកស្រពន់ ប្រជាពលរដ្ឋលែងចេះគិតពិចារណាបែបហេតុផល យូរៗទៅកាន់តែក្រទៅៗ
និងរឹតតែនាំឲ្យមនុស្សក្នុងសង្គមមានភាពអាត្មានិយមកាន់តែច្រើនឡើងៗ ។
គោលបំណងនៃការស្វែងរកការត្រាស់ដឹងរបស់ព្រះពុទ្ធ
គឺការយកមេរៀនដែលសិក្សាអំពីធម៌មកដោះស្រាយបញ្ហាជីវិតជាក់ស្តែងជូនមនុស្សជាតិ
ហើយបើសិនមេរៀនដែលត្រាស់ដឹងនោះ មិនអាចយកមកប្រើដើម្បីដោះស្រាយបញ្ហា
ដែលកំពុងតែកើតឡើងក្នុងជីវិតប្រចាំថ្ងៃនេះបានទេ តើយើងរៀនធម៌នោះដើម្បីអ្វី?
គោរពនោះដើម្បីអ្វី? ហើយតើព្រះធម៌នោះមានតម្លៃអ្វី? ព្រះធម៌គឺជាមេរៀនជីវិតដែលអាចយកមកបដិបត្តិ
ដើម្បីបញ្ចប់នូវសេចក្តីទុក្ខសព្វបែបយ៉ាង ។
មេរៀនដំបូងដែលព្រះពុទ្ធបានបង្រៀនគឺរបៀបនៃការដោះស្រាយបញ្ហា ៤ យ៉ាង (អរិយសច្ចធម៌៤)
រួមមានទី ១ ទុក្ខ (បញ្ហា) ទី ២ ទុក្ខសមុទយ (ហេតុដែលនាំឲ្យមានបញ្ហា) ទី ៣
ទុក្ខនិរោធ (ទស្សនវិស័យក្នុងការដោះស្រាយបញ្ហា) និងទី ៤ ទុក្ខនិរោធគាមិនីបដិបទា
(ចំណុចចាប់ផ្តើមនៃការដោះស្រាយបញ្ហា និងផ្លូវដែលនាំទៅដល់ការបញ្ចប់បញ្ហា) ។ បញ្ហាអ្វីក៏ដោយក្នុងជីវិត
សុទ្ធតែអាចយករបៀបនៃការដោះស្រាយបញ្ហាទាំង ៤ យ៉ាងនេះ
ធ្វើជាគោលការណ៍ក្នងការដោះស្រាយបានទាំងអស់ ។ ប្រជាពលរដ្ឋខ្មែរកំពុងតែលិចលង់
លក់នៅក្នុងពិធីសាសនា ។ ការដែលមិនស្គាល់ធម៌មិនយល់ធម៌នេះហើយ
ដែលនាំឲ្យមានការបដិបត្តិធម៌ខុស ។ ពាក្យថាបដិបត្តិខុស
គឺសំដៅដល់ការប្រព្រឹត្តទាំងឡាយណា ដែលមិននាំទៅរកការរីកចម្រើនជាទូទៅ ។ ពេលដែលធម៌ទី ១
គឺទុក្ខ ឬបញ្ហាកើតឡើង គេក៏ឆ្លេឆ្លាអន្ទះអន្ទែងហើយចេះតែអង្គុយរអ៊ូរទាំពីបញ្ហានោះ
មិននាំគ្នាលើកយករបៀបដោះស្រាយបញ្ហាសោះ ។
ទុក្ខ
គឺជារបស់សកលកើតមានជាទូទៅលើមនុស្សគ្រប់ៗគ្នា មិនមែនមានតែក្នុងពុទ្ធសាសនា
ឬសាសនាដទៃណានោះទេ ។ ទុក្ខ ឬបញ្ហា គឺកើតមានឡើងចំពោះមនុស្សគ្រប់គ្នា
ដោយរាប់ទាំងរឿនសង្គមទូទៅ ទោះបីជាអ្នកមិនចូលចិត្ត ឬចូលចិត្តផងដែរ ។ ចំណែកឯ
វិធីរំលត់ទុក្ខ (ទុក្ខនិរោធគាមិនីបដិបទា)
ឬរបៀបដោះស្រាយបញ្ហា ក៏ត្រូវតែជារបស់សកលដោយមិនមានបែងចែកព្រំដែននិកាយ សាសនា
ប្រជាពលរដ្ឋ ឬមន្ត្រីរាជការអ្នកដឹកនាំប្រទេសដែរ ។ ជំងឺ គឺជាជំងឺសកល
ថ្នាំព្យាបាលជំងឺក៏ត្រូវតែសកលដែរ ។ ព្រះពុទ្ធ មិនបានបង្រៀនមេរៀនជីវិត ឬរបៀបដោះស្រាយបញ្ហា
ទុកសម្រាប់តែអ្នកសាសនាណាមួយ ឬក៏ទុកសម្រាប់តែពួកអ្នកបួសប៉ុណ្ណោះទេ
តែក៏សម្រាប់មនុស្សទូទៅ ដើម្បីយកទៅដោះស្រាយបញ្ហាគ្រួសារ សង្គម
និងប្រទេសជាតិទាំងមូលផងដែរ ។ ដូច្នេះ ការដែលលើកឡើងថា
ព្រះធម៌ជាពុទ្ធសាសនានោះមិត្រឹមត្រូវទេ ហើយការដែលអ្នកសាសនាលើកឡើងថា មិនត្រូវយកព្រះធម៌ទៅលាយឡំជាមួយនឹងរឿងសង្គម
ក៏រឹតតែមិនត្រឹមត្រូវទៅទៀត ។ ក្នុងន័យត្រឹមត្រូវ
មិនមែនយើងយកព្រះធម៌មកលាយឡំជាមួយនឹងរឿងសង្គមឡើយ
តែគឺយើងយកព្រះធម៌មកដោះស្រាយបញ្ហាក្នុងសង្គមនេះតែម្តង ។
ទុក្ខ
ឬបញ្ហា គឺជាអរិយសច្ចៈទី ១ គឺជាធម៌ដែលត្រូវកំណត់ដឹង ។ បញ្ហាសង្គមក៏ជាធម៌ ពោលគឺ
ជាធម៌ដែលយើងត្រូវយល់ដឹង
និងដោះស្រាយដោយគោលធម៌ផងដែរ ។ មេរៀនធម៌មានភាពសាមញ្ញ ជាក់ស្តែងនិយមមានលក្ខណៈសកល
ជាពិសេសមិនមែនជារឿងសាសនា តែអាចអនុវត្តបាន ។ ព្រះធម៌និងគ្មានតម្លៃទេ
ប្រសិនបើព្រះធម៌មិនអាចយកមកអនុវត្ត ដើម្បីដោះស្រាយបញ្ហាជាក់ស្តែងបាន ។
ព្រះធម៌មានតម្លៃលុះត្រាតែព្រះធម៌ផ្តល់ផលប្រយោជន៍ដល់យើង
ហើយដើម្បីបានទទួលផលប្រយោជន៍បាន លុះត្រាតែយើងបដិបត្តិជាក់ស្តែង ។ ឯលក្ខណៈសាមញ្ញនោះ
គឺវាពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃរបស់មនុស្សទូទៅតែម្តង ។
ព្រះពុទ្ធបង្រៀនតែរបស់ពីរយ៉ាងប៉ុណ្ណោះ
គឺទុក្ខ និងវិធីនៃការរំលត់ទុក្ខនោះ (បញ្ហា និងរបៀបនៃការដោះស្រាយបញ្ហា) ។ សង្គម
ក៏ត្រូវការធម៌ក្នុងការដោះស្រាយបញ្ហាប្រចាំថ្ងៃរបស់មនុស្សទូទៅផងដែរ ។
ឯព្រះធម៌ជាមេរៀនដែលសិក្សាឲ្យស្គាល់អំពីធម៌
ដើម្បីឲ្យអាចរស់នៅស្របនឹងលក្ខណៈរបស់ធម៌ដែលនាំទៅរកការរីកចម្រើនទាំងអស់គ្នា ។
បញ្ហាដែលមនុស្សទូទៅនៅតែមិនអាចទទួលយកព្រះធម៌មកធ្វើជាមាគ៌ា
ក្នុងការដោះស្រាយបញ្ហាសង្គមបាននោះ គឺព្រោះតែទី ១ ពួកគាត់យល់ច្រឡំថាព្រះធម៌
គឺជាសាសនាមួយដែលបរិសុទ្ធ ស្អាតស្អំ ផុតពីរឿងលោកិយទុកដើម្បីថ្វាយបង្គំបួងសួងសុំទៅឋានសួគ៌
និងទី ២ គាត់យល់ថា រឿងសង្គមគឺជារឿងមិនស្អាតស្អំ
ដូច្នេះមិនត្រូវយករឿងសង្គមទៅប្រឡាក់ជាមួយនឹងសាសនាដ៏ស្អាតស្អំរបស់ពួកគាត់ទេ ។
ការបដិបត្តិធម៌
ការមិនស្គាល់ពីតម្លៃនៃព្រះធម៌
និងការមិនស្គាល់ពីសារៈសំខាន់នៃការងារសង្គម គឺជាហេតុដែលធ្វើឲ្យជីវិតរស់នៅពោរពេញដោយទុក្ខ
សង្គមពោរពេញដោយបញ្ហាមិនចេះចប់ ។
ការពិតការបដិបត្តិព្រះធម៌ត្រឹមត្រូវនាំឲ្យចិត្តមនុស្សមានលំនឹង
និងមានសេចក្តីសុខស្ងប់ល្អណាស់ ហើយការចូលរួមធ្វើសកម្មភាពរបស់មនុស្សទូទៅក្នុងសង្គម
ប្រកបដោយការយល់ដឹងនឹងនាំឲ្យសង្គមមានលោកសម្ភារៈសម្បូរសប្បាយ និងរីកចម្រើនរុងរឿង ។
ព្រះធម៌ គឺជាសិល្បៈនៃការរស់ និងបង្រៀនអំពីរបៀនរស់នៅ បង្រៀនមនុស្សឲ្យចេះរស់នៅ
ដោយស្គាល់ប្រមាណមិនអន្ទះអន្ទែង ហើយក៏មិនស្ពឹកស្រពន់ក្នុងដំណើរជីវិត ។
តើការបដិបត្តិធម៌ត្រឹមត្រូវនោះដូចម្តេចទៅ?
ដំបូងយើងត្រូវស្គាល់ ថាតើធម៌ជាអ្វីសិន ។ តើវាជារឿងស្រមើស្រមៃអរូបិយ រឿងជាតិមុន
ជាតិក្រោយ រឿងសួគ៌នរក រឿងពិធីកម្មសាសនា រឿងប្រពៃណី
ដែលសម្រាប់តែមនុស្សចាស់ៗសូធ្យអង្វរកបួងសួង
ឬក៏ធម៌ជាធម្មជាតិពោលគឺជាអ្វីៗគ្រប់យ៉ាងដែលកើតឡើងក្នុងលោក ក្រោមច្បាប់ធម្មជាតិ គឺ
អនិច្ចំ (ការប្រែប្រួល) ទុក្ខំ (ភាពមិនអមតៈ) និងអនត្តា (ភាពមិនឯករាជ្យនៃធម្មជាតិ)
ដែលរាប់ទាំងរឿងសង្គមផងដែរ ឬក៏យ៉ាងណា? កាលណាបើយើងបានយល់ច្បាស់ថា
ធម៌គឺដំណើរធម្មជាតិដូច្នេះហើយ យើងនឹងចេះបដិបត្តិស្របជាមួយនឹងដំណើរធម្មជាតិ
ដែលនាំទៅរកការរីកចម្រើនទាំងអស់គ្នា ។
ការបដិបត្តិធម៌ដែលត្រឹមត្រូវ
គឺការបដិបត្តិដែលមិនចង្អៀតចង្អល់ មិនមានការបែងចែកជានិកាយ ជំនឿសាសនា
មិនសម្រាប់តែអ្នកបួស ឬក្រុមពួក ប្រភេទមនុស្ស ឬជាតិសាសន៍ណាមួយនោះទេ ។
ការបដិបត្តិធម៌គឺការរំដោះទុក្ខ ជាការដោះស្រាយបញ្ហា ។ ទុក្ខមាននៅគ្រប់ជីវិត
ហើយគ្រប់ជីវិតសុទ្ធតែពាក់ព័ន្ធនឹងរឿងសង្គម ។ សង្គម
គឺជាបញ្ហាដែលយើងទាំងអស់គ្នាត្រូវដោះស្រាយ ។ ការដោះស្រាយបញ្ហាសង្គម
គឺការដោះស្រាយបញ្ហាជីវិត ។ ដូច្នេះ ការដោះស្រាយបញ្ហាសង្គម គឺជាការបដិបត្តិធម៌ ។
បើកាលណាមនុស្សម្នាក់ៗមានសេចក្តីស្ងប់ នាំឲ្យសង្គមនោះមានសេចក្តីស្ងប់ដែរ ។
តែសង្គមនោះនឹងមិនអាចមានសេចក្តីស្ងប់បានឡើយ ប្រសិនបើ មានតែការសូធ្យធម៌ ហើយរឿងសង្គមនៅមិនទាន់បានដោះស្រាយរួចរាលទេនោះ
។ រឿងធម៌មានការជាប់ព័ន្ធដល់ស្ថានភាពផ្លូវចិត្តរបស់យើង
ឯរឿងសង្គមជារឿងពាក់ព័ន្ធនឹងស្ថានភាពជីវភាពរបស់យើង ។ តម្រូវការប្រចាំថ្ងៃ
រឿងកូនរៀនសូត្រ ទំនិញឡើងថ្លៃ អត់ការងារធ្វើ គ្មានទីផ្សារលក់ផលិតផល សុខភាព
សន្តិសុខសង្គម ភាពក្រីក្រ សិទ្ធ សេរីភាព គម្លាតរវាងអ្នកមាន និងអ្នកក្រ។ល។
ភាពលំបាកលំបិនក្នុងការរស់នៅគ្រប់បែបយ៉ាងទាំងនោះ
សុទ្ធតែមានពាក់ព័ន្ធនឹងរឿងបដិបត្តិធម៌ និងរឿងសង្គមទាំងអស់ ។
ដូច្នេះ
កាបដិបត្តិព្រះធម៌មានសារៈសំខាន់ខ្លាំងណាស់ ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់យើង
ប្រសិនបើជីវិតយើងគ្មានធម៌ ជីវិតយើងក៏គ្មានសេចក្តីសុខដែរ ។
ដកស្រង់នឹងវាយអត្ថដោយបងៈ វ៉ាន់ កនិដ្ឋ
No comments:
Post a Comment