Øអ្វីដែលយើងឲ្យអ្នកដ៏ទៃ
តិចឬច្រើនវាមិនសំខាន់ទេ សំខាន់នៅត្រង់ថា
វត្ថុនោះវាមានសារៈសំខាន់ធំធេងកម្រិតណាចំពោះយើង?
មានតំណាលរឿងមួយ
បានកើតឡើងក្នុងយុគសម័យគ្រោះទុរ្ដិក្សអត់អាហារយ៉ាងខ្លាំង(សម័យមហាបដិវត្តន៏វប្បធម៍)បានធ្វើឲ្យគ្រូម្នាក់ចងចាំដិតជាប់នៅក្នុងអារម្មណ៏ជារៀងរហូតមក។
នៅយប់ថ្ងៃមួយ
ខ្ញុំបានទៅបង្រៀនគួរនៅផ្ទះកូនសិស្ស។ការតស៊ូទ្រាំធ្វើការអស់ពេញមួយថ្ងៃ
ផ្លូវធ្វើដំណើរក៏ឆ្ងាយ ធ្វើឲ្យខ្ញុំស្ទើរដើរទៅមុខលែងរួច ដកដង្ហើមម្ហបៗ ពោះវាក៏ស្រេកឃ្លានស្រែកគ្រូកគ្រាកៗមិនអាចហាមឃាត់បាន។
ខ្ញុំមិនបានទទួលទានអាហារពីរបីថ្ងៃមកហើយ
ចំណែកខាងផ្ទះកូនសិស្សនោះវិញក៏ក្រីក្រលំបាកតោកយ៉ាកដូចគ្នា។
នៅលើតុមានតែចានតាំងទទេ... នេះមានន័យថា ពួកគេក៏គ្មានអង្ករច្រកឆ្នាំងដែរ។ ម្ដាយរបស់កូនសិស្សនោះដើរច្រិមច្រុមៗក្នុងបន្ទប់ព្រោះពុំដឹងថានឹងយកអ្វីមកទទួលស្វាគមន៏ខ្ញុំឲ្យវាសមរម្យឡើយ។
ខ្ញុំឃើញកាយវិការបែបនោះ ក៏ប្រញាប់ស្រែកទៅថា “ មិនអីទេអ្នកស្រី! សុំតែទឹកបានហើយ ”
រួចហើយខ្ញុំក៏ចាប់ផ្ដើមបង្រៀន។ ម្ដាយរបស់កូនសិស្សក៏យកដៃមកទះក្បាលខ្លួនឯងភ្លាម
រួចពោលថា ” អញនេះពិតជាល្ងង់ គិតមិនឃើញមែន!គាត់ក៏ដើរទៅក្នុងចង្រ្កានបាយ
លើកយកកញ្រ្ជែងពណ៏ខៀវមួយចេញមក រកមើលមួយសន្ទុះ ទើបទាញយកដបកែវក្បាលធំប៉ុនមេដៃចេញមក
ហើយក្រឡុកគោះៗចាក់ម្សៅពណ៏សៗដែលសេសសល់បន្ដិចបន្ដូចនោះទៅក្នុងកែវទឹក
រួចលើកយកមកឲ្យខ្ញុំដោយក្ដីត្រេកអរជាពន់ពេក។
នោះគឺជាទឹកស្ករសដ៏ផ្អែមត្រជាក់ស្លឹម
ជាបចូលដល់បេះដូងខ្ញុំ... គ្រាន់តែខ្ញុំលេបឆ្លងកាត់បំពងកបានមួយក្អឹកក៏លេបលែងចូល
ព្រោះមានកូនក្មេងពីរបីនាក់កំពុងសម្លឹងមុខខ្ញុំដោយក្ដីស្រេកឃ្លានយ៉ាងខ្លាំង។
ទឹកមាត់របស់ពួកគេហូរចេញមកច្រោកៗ... តើឲ្យខ្ញុំទ្រាំលេបទឹកស្ករមួយកែវនោះបានយ៉ាងម៉េចទៅ?
ដោយសារតែទឹកស្ករមួយកែវនេះហើយទើបធ្វើឲ្យខ្ញុំអាចបន្តដំណើរទៅបង្រៀនដល់កូនសិស្សជាច្រើនកន្លែងទៀតរហូតដល់ចប់ក្នុងថ្ងៃនោះ។
ទោះបីជាច្រើនឆ្នាំកន្លងផុតទៅហើយក៏ដោយ
តែខ្ញុំនៅនឹកគិតដល់ទឹកស្ករមួយកែវនោះមិនដែលភ្លេចម្ដងណាឡើយ
ព្រោះតែចំណោះដឹងបន្ដិចបន្តូចដែលខ្ញុំមាន អាចនិយាយបានថា
វាជាស្បៀងមួយចំណិតចុងក្រោយដែលខ្ញុំបានលះបង់។ចំណែកទឹកស្ករមួយកែវដែលនៅសេសសល់នោះ
ក៏អាចចាត់ទុកបានថាជាចំណិតអាហារចុងក្រោយដែលមាននៅក្នុងផ្ទះរបស់កូនសិស្សម្នាក់នោះ...
យើងទាំងពីរបានលះបង់ឲ្យគ្នាទៅវិញទៅមក។
ការលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្តទាំងអស់ដែលខ្ញុំមានក្នុងគ្រានោះ
បានធ្វើឲ្យខ្ញុំមានអារម្មណ៏ថា”
តើអ្វីគឺជាវត្ថុដ៏មានតម្លៃបំផុតក្នុងការលះបង់ឲ្យគ្នាទៅវិញទៅមក?”
តើរឿងនិទានមួយនេះបានផ្ដល់ទស្សនៈនិងគំនិតត្រិះរិះយ៉ាងដូចម្ដេច?
វត្ថុដែលយើងផ្ដល់ឲ្យអ្នកដ៏ទៃ វាមិនស្ថិតនៅលើតិចឬច្រើននោះទេ
តែវានៅត្រង់ថា វត្ថុនោះមានតម្លៃប៉ុនណាសម្រាប់ខ្លួនយើងតែប៉ុណ្ណោះ។
ពាក្យស្លោកមួយបានពោលថា” វត្ថុណាដែលអ្នកមិនត្រូវការសូមកុំឲ្យអ្នកដ៏ទៃ” បើយើងឲ្យរបស់សូម្បីតែយើងក៏គិតថា
“វាគ្មានតម្លៃ” ពេលឲ្យទៅអ្នកដ៏ទៃ
តើវាមានប្រយោជន៏អ្វីសម្រាប់អ្នកទទួលនោះ...
តែបើយើងលះបង់ផ្ដាច់ពីមាត់ពីកខ្លួនឯងវិញ មិនថាវត្ថុតិចតួចស្ដួចស្ដើងយ៉ាងណាទេ
វាសុទ្ឋតែមានតម្លៃមិនអានកាត់ថ្លៃបានឡើយ និងអាចធ្វើឲ្យអ្នកទទូលមានមានចិត្តត្រេកអរចងចាំទុកក្នុងបេះដូងជាប់ជានិច្ចទៀតផង។
No comments:
Post a Comment