នៅក្នុងបទសម្ភាសន៍ជាមួយគួច គន្ធារ៉ា លោកជំទាវ អ៊ឹង
កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ទៅចុះសំបុត្រអាពាហ៍ពិពាហ៍
ដើម្បីឲ្យចំណងអាពាហ៍ពិពាហ៍មានសុពលភាពត្រឹមត្រូវទៅតាមផ្លូវច្បាប់។ សេង ឌីណា
សូមលើកយកនីតិវិធី នៃការចុះសំបុត្រអាពាហ៍ពិពាហ៍នេះ
មកជម្រាបជូនលោក-អ្នកស្តាប់ ដោយមានការពន្យល់ពីសំណាក់លោក ខាត់ ណារិទ្ធ
ចៅសង្កាត់ទន្លេបាសាក់។
លោកជំទាវរដ្ឋមន្រ្តីក្រសួងកិច្ចការនារី
ធ្លាប់បានថ្លែងថា ការរៀបអាពាហ៍ពិពាហ៍ភាគច្រើន នៅកម្ពុជា ជាពិសេស នៅតាមជនបទ
បានធ្វើទៅដោយគ្រាន់តែមានរៀបចំពិធីតាមទំនៀមទម្លាប់ប្រពៃណី តែប៉ុណ្ណោះ
ប៉ុន្តែ មិនបានទៅចុះសំបុត្រអាពាហ៍ពិពាហ៍ ត្រឹមត្រូវតាមផ្លូវច្បាប់នោះទេ។
ចំណងអាពាហ៍ពិពាហ៍ ដែលមានត្រឹមតែពិធីរៀបការតាមប្រពៃណី
ដោយគ្មានការចុះសំបុត្រអាពាហ៍ពិពាហ៍បែបនេះ
មិនមានសុពលភាពតាមផ្លូវច្បាប់នោះទេ មានន័យថា បើទោះជាគូស្វាមីភរិយានេះ
រស់នៅជាមួយគ្នា ដោយមានការទទួលស្គាល់ពីសង្គមថា
ជាប្តី-ប្រពន្ធរៀបការពេញមុខពេញមាត់ហើយក៏ដោយ ក៏ប៉ុន្តែ តាមផ្លូវច្បាប់
អ្នកទាំងពីររស់នៅដោយគ្មានចំណងអាពាហ៍ពិពាហ៍នោះទេ។ចំណង អាពាហ៍ពិពាហ៍បែបនេះ អាចនឹងបង្កជាបញ្ហាស្មុគស្មាញ ជាពិសេស
នៅពេលមានការលែងលះ ឬនៅពេលដែលភាគីណាមួយ ទៅលបលួចមានប្តី ឬប្រពន្ធផ្សេង។
ហេតុដូច្នេះ ហើយបានជាលោកជំទាវអ៊ឹង កន្ថាផាវី បានអំពាវនាវឲ្យគូស្វាមីភរិយា
ត្រូវនាំគ្នាទៅចុះសំបុត្រអាពាហ៍ពិពាហ៍ឲ្យបានត្រឹមត្រូវតាម ផ្លូវច្បាប់។
សំណួរសួរថា តើការចុះសំបុត្រអាពាហ៍ពិពាហ៍ត្រូវធ្វើឡើង
ដោយគោរពទៅតាមនីតិវិធីអ្វីខ្លះ?
យោងតាមលោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ នីតិវិធីនៃការចុះសំបុត្រអាពាហ៍ពិពាហ៍ គឺមានជាលំដាប់លំដោយដូចតទៅ៖អនាគត កូនកម្លោះ ត្រូវដាក់ពាក្យសុំទៅឃុំ-សង្កាត់ ដែលខ្លួនរស់នៅ ដើម្បីឲ្យមេឃុំ-ចៅសង្កាត់ ចេញសេចក្តីបញ្ជាក់ថា ខ្លួនពិតជាមិនមានជាប់ចំណងអាពាហ៍ពិពាហ៍ចាស់ណាមួយមែន (នៅលីវ ឬពោះម៉ាយ)។ ប្រសិនបើជាពោះម៉ាយដោយការលែងលះ ត្រូវមានដីកាតុលាការ អំពីការលែងលះ។ ប្រសិនបើជាពោះម៉ាយ ដោយប្រពន្ធស្លាប់ ត្រូវមានលិខិតមរណភាពរបស់សពប្រពន្ធ។

ក្រោយពីបានលិខិតបញ្ជាក់ ពីមេឃុំ-ចៅសង្កាត់រួចហើយ ភាគីខាងប្រុស
ត្រូវយកលិខិតនេះ ព្រមទាំងសំណុំបែបបទមួយទៀត បំពេញដោយភាគីខាងស្រី
ដាក់ជូនទៅសាលាឃុំ-សង្កាត់ខាងស្រី។ មន្រ្តីអត្រានុកូលដ្ឋាន
នៅឃុំ-សង្កាត់ខាងស្រី ជាអ្នកចេញសេចក្តីប្រកាសជូនដំណឹងអាពាហ៍ពិពាហ៍
ដើម្បីយកទៅបិទ នៅផ្ទះខាងស្រី ហើយសេចក្តីចម្លងមួយទៀត
យកទៅបិទនៅផ្ទះខាងប្រុស។ក្នុងរយៈពេល ១០ថ្ងៃ ប្រសិនបើមិនមានការតវ៉ាជំទាស់ណាមួយទេ
ការធ្វើពិធីអាពាហ៍ពិពាហ៍តាមទំនៀមទម្លាប់ប្រពៃណីអាចរៀបចំធ្វើទៅបាន។
ក្រោយ ពិធីអាពាហ៍ពិពាហ៍នេះ (យ៉ាងយូរ ១ខែ) គូស្វាមី ភរិយាថ្មីថ្មោងនេះ
ត្រូវត្រឡប់ទៅសាលាឃុំ-សង្កាត់ ខាងស្រីវិញ ដើម្បីផ្តិតមេដៃ
ក្នុងសៀវភៅអត្រានុកូលដ្ឋាន ហើយមេឃុំ-ចៅសង្កាត់
ចេញសំបុត្រអាពាហ៍ពិពាហ៍ជាផ្លូវការជូន។គួរបញ្ជាក់ថា នៅក្នុងការចុះសំបុត្រអាពាហ៍ពិពាហ៍នេះ ភាគីទាំងពីរត្រូវមានសាក្សី
យ៉ាងតិច ២រូប (ម្នាក់សម្រាប់ខាងស្រី និងម្នាក់សម្រាប់ខាងប្រុស)។ សាក្សីនេះ
អាចជាឱពុកម្តាយក៏បាន ជាសាច់ញាតិ ឬមិត្តភក្តិណាមួយក៏បាន (មានវ័យគ្រប់ការ)។
ចំពោះគូស្វាមី ភរិយា ដែលបានរៀបការកន្លងមក ដោយមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ (ជាពិសេស អ្នករៀបការក្នុងរបបខ្មែរក្រហម) អាចទៅសុំលិខិតបញ្ជាក់អាពាហ៍ពិពាហ៍ ពីសាលាឃុំ-សង្កាត់ ដែលខ្លួនរស់នៅ។ការដាក់ពាក្យសុំនេះ មិនទាមទារឲ្យមាននីតិវិធីប្រកាសផ្សាយជាសាធារណៈ ដូចការរៀបការថ្មីទេ ប៉ុន្តែ ត្រូវមានសាក្សី យ៉ាងតិច ២រូប ដែរ៕

No comments:
Post a Comment