Thursday, 31 March 2016

ភាពជាឪពុកម្តាយ



មនុស្សច្រើនណាស់នៅតែបែងចែកគុណមាតាបិតាមិនបានថាតើអំពើណាខ្លះរបស់ពួកគាត់ដែលចាត់ទុកបានថាជាគុណរបស់គាត់ ហើយអំពើណាខ្លះដែលមិនរាប់ចូលថាជាគុណទេនោះ។ ពួកគេភាគច្រើនបែងចែកមិនដាច់ត្រង់ការផ្តល់កំនើតនេះឯង ទោះអំពើបន្ទាប់ពីផ្តល់កំនើតនោះយ៉ាងណាក៏ដោយ ក៏ឪពុកម្តាយនៅតែមានគុណត្រង់បានផ្តល់កំនើតអោយកូននេះដែរ។ យើងត្រូវពិនិត្យអំពើមួយដែលចាត់ទុកជាគុណសិន មុននឹងវិនិច្ឆ័យថាការផ្តល់កំនើតដល់កូនចាត់ទុកជាគុណដែរ ឬទេ?

អំពើមួយអាចចាត់តទុកជាគុណបានត្រូវមានលក្ខណ្ឌបី៖
១.ជាចេតនាល្អរបស់បុគ្គលមួយចំពោះបុគ្គលណាម្នាក់ទៀត។ គ្រាន់តែលក្ខណ្ឌមួយនេះ ការផ្តល់កំនើតកូនមិនអាចចាត់ទុកជាគុណបានទៅហើយ ព្រោះថាមុននឹងមានកូនក្នងពោះម្តាយ គឺគ្មានកូនដែលម្តាយឪពុកត្រូវធ្វើអំពើល្អទៅកាន់នោះទាល់តែសោះ បើគ្មានមនុស្សផង តើម្តាយឪពុកនឹងគិតចង់ធ្វើល្អចំពោះកូនយ៉ាងម៉េចទៅកើត? ការផ្តល់កំនើត គឺជាការគិតដើម្បីខ្លួនពួកគាត់ទេ ឬមិនបានគិតអ្វីទាល់តែសោះគឺមានកូនដោយចៃដន្យ។ ចុះបើមុននឹងមានកូនក្នុងពោះ ពុំមានមនុស្សផង តើអោយម្តាយឪពុកនឹកចង់ធ្វើអំពើល្អដល់អ្នកណាទៅ?

២.អំពើល្អដែលយើងចង់ធ្វើចំពោះអ្នកណាមួយនោះ ធ្វើបានសំរេចឡើង។

៣.អំពើល្អដែលយើងធ្វើបានសំរេចឡើងនោះ គឺវាចំចិត្តរបស់មនុស្សដែលយើងបានធ្វើពើល្អចំពោះនោះ។


មនុស្សម្នាក់ដែលធាក់យើងទំលាក់អណ្តូងក្នុងបំណងសំលាប់យើង តែចៃដន្យពេលនោះមានចោរមកប្លន់ដោយបាញ់សំលាប់មនុស្សនៅជុំវិញមាត់អណ្តូងដែលគេធាក់យើងទំលាក់ចូលនោះស្លាប់អស់គ្មានសល់ម្នាក់ ហើយសំណាងល្អយើងដែលត្រូវគេធាក់ទំលាក់អណ្តូងនោះមិនបានស្លាប់ទេ ហើយព្រោះតែយើងធ្លាក់ចូលក្នុងអណ្តូងនោះហើយ ដែលយើងបានរួចខ្លួនពីចោរបាញ់សំលាប់ ថាតើយើងត្រូវអគុណអ្នកធាក់យើងទំលាក់ចូលអណ្តូងបំណងសំលាប់យើងនោះឬ យ៉ាងណា?

មានរឿងដំណាលមួយថា មានមនុស្សម្នាក់ដែលគាត់ពេញចិត្តនឹងជីវិតគាត់ណាស់ គាត់បាននិយាយទៅកាន់ម្តាយគាត់ថាម៉ែខ្ញុំអគុណម៉ែណាស់ដែលម៉ែមានបំណងល្អបង្កើតជីវិតអោយកូន ពេលនោះ។ ម្តាយតបទៅកូនវិញថា ទេម៉ែគ្មានបំណងបង្កើតឯងមកទេ ម៉ែត្រូវគេចាប់រំលោភ ម៉ែឈឺចាប់ណាស់ ម៉ែបានរកគ្រប់វិធីដើម្បីរំលូតរូបឯងចោល តែសំណាងម៉ែអាក្រក់ណាស់ ម៉ែប្រឹងរំលូតឯងយ៉ាងណាក៏វាមិនធ្លាក់ដែរ ម៉ែមិនដែលមានបំណងចង់ទុកឈាមអាមនុស្សថោកទាបដែលរំលោភម៉ែនោះទេ តែម៉ែមិនដឹងជាធ្វើម៉េចទេ វាជាបាបកម្មរបស់ម៉ែដែលទំលាក់ឯងចេញពីពោះមិនបាន។

- កូននោះតប: តែទោះយ៉ាងណាក៏ម៉ែនៅតែមានគុណលើខ្ញុំ ព្រោះម៉ែបានផ្តល់កំនើតអោយខ្ញុំ។

- ម៉ែឆ្លើយថា ទេម៉ែគ្មានបំណងបង្កើតឯងទេ ហើយក៏មិនដែលចង់ទុកឯងអោយកើតដែរ ឯងដឹងទេ ព្រោះតែរំលូតឯងមិនបាននេះហើយដែលគូរដណ្តឹងម៉ែគេមកសុំផ្តាច់ពាក្យពីម៉ែ គេថាគេមិនអាចរៀបការជាមួយមនុស្សស្រីមានកូនអត់ប្តីដូចជារូបម៉ែនេះបានទេ ម៉ែឈឺចិត្តណាស់ដែលម៉ែត្រូវឪឯងចាប់រំលោភ ហើយដែលខំរំលូតឯងចោលតែមិនរំលូតមិនបានសំរេច ឃើញមុខឯងកាលណាម៉ែឈឺចាប់កាលនោះ ដឹងទេ? ម៉ែមិនចង់ឃើញមុខឯងទេ។ ទើបម៉ែបោះបង់ឯងចោលនៅមណ្ឌលកុមារ អនាថា ឥឡូវឯងមករកអញទៀត អញមិនចង់ឃើញមុខឯងទេ គឺឯងហ្នឹងហើយដែលបំផ្លាញសុភមង្គលអញ ឯងដឹងទេ? បើអញរំលូតឯងបាន នោះអញមិនមែនត្រូវគូដណ្តឹងអញផ្តាច់ពាក្យទេ ក្បាលអាឯងនេះនាំចង្រៃដល់អញណាស់ ចេញពីមុខអញទៅ អញមិនចង់ឃើញមុខអាតិរិច្ឆានឯងទេ។ ឯងជាមារមកតាមយាយីសុភមង្គលអញ ឯងដឹងថាអញស្អប់ឯងយ៉ាងណាទេអានក។

- កូនតប: ម៉ែទោះម៉ែស្អប់ខ្ញុំយ៉ាងណាក៏ខ្ញុំនៅតែអគុណម៉ែ ម៉ែនៅតែជាអ្នកមានគុណចំពោះខ្ញុំដដែល ព្រោះម៉ែបានផ្តល់កំនើតអោយខ្ញុំ។
- ម្តាយតប: អូស្លាប់ហើយអាតិរិច្ឆាន អញប្រាប់ហើយថា អញគ្មានបំណងបង្កើតក្បាលអាឯងទេ ម្តេចអាឯងនៅតែអគុណអញ ចាត់ទុកថាអញមានគុណលើអាឯងទៀត អាឯងនេះថោកទាបណាស់គិតតែពីខ្លួនឯងដែលចង់បានជីវិត ឯងមិនបានគិតដល់អញទេ ថាកំនើតឯងវាបំផ្លាញអញ អាឯងយល់ទេ?

- កូនតប: ម៉ែទោះយ៉ាងណាក៏ខ្ញុំនៅតែអគុណម៉ែ ហើយម៉ែនៅតែជាអ្នកមានគុណរបស់ខ្ញុំ ម៉ែខ្ញុំមកជួបម៉ែនៅពេលនេះ ព្រោះខ្ញុំចង់អោយម៉ែប្រាប់ខ្ញុំថាអ្នកណាជាឪពុកដែលបានផ្តល់កំណើតអោយខ្ញុំ ទោះគាត់មិនបានចិញ្ចឹមបីបាច់ខ្ញុំដូចឪពុកអ្នកដទៃក៏ដោយ ក៏គាត់នៅតែជាអ្នកមានគុណដែលបានផ្តល់កំនើតអោយខ្ញុំដែរ ម៉ែខ្ញុំចង់រកមុខអ្នករំលោភម៉ែ ដើម្បីអគុណគាត់ដែល "គាត់បានរំលោភម៉ែ" ដែលជាហេតុផ្តល់កំនើតដល់ខ្ញុំណាម៉ែ។

- ម្តាយតប: អាថោកទាបឯងពុលនឹងជីវិត លែងស្គាល់ខុសត្រូវហើយ អញប្រាប់ហើយថា កុំអគុណអញ អញមិនបានចង់បានអានរកឯងជាកូនទេ អាថោកទាបឯងគិតតែពីសប្បាយពេញចិត្តនឹងជីវិតខ្លួនឯង អរនឹងកំនើតខ្លួនរហូតដល់ទៅអគុណគេដែលបានរំលោភអញ អោយកើតអាតិរិច្ឆានឯងទៀត ពិតជាកំនើតតិរិច្ឆានមែន ឈាមដូចអាអ្នករំលោភអញណាស់ អញយកឯងទៅដាក់នៅកុមារអនាថាពិតជាសក្តិសមនឹងឈាមឯងដែលត្រូវបានទទួលណាស់។

នេះជារឿងប្រឌិតមែន តែសូមកុំនិយាយថាវាមិនដែលមានរឿងបែបហ្នឹងអោយសោះណា សូមគ្រាន់តែឆ្លើយយ៉ាងណាចំពោះទស្សនៈថា អោយតែផ្តល់កំនើតគឺមានគុណហើយនោះ។ បើក្នុងករណីនេះ នៅតែមានគុណទៀតនោះ ម្តាយជេរថាអាតិរិច្ឆានមានអ្វីដែលថាមិនត្រូវនោះ ព្រោះវាគិតតែខ្លួនវា មិនបានគិតដល់ចិត្តម្តាយឡើយ៕
ដោយ លោកពុក

No comments:

Post a Comment