![]() |
| ខ្ញុំគ្រាន់តែធ្វើអំពើល្អសោះ |
ជាចៅប្រុសជីតាយោធាម្នាក់
និងជាជីដូនគ្រួពេទ្យម្នាក់ ហើយជាកូនប្រុសរបស់ឪពុកគ្រូបង្រៀនទស្សនវិជ្ជាម្នាក់
និងម្តាយអ្នកលក់ដូរនៅផ្សារម្នាក់ វុត្ថាជានិស្សិតឆ្នាំទី ៤
ផ្នែកទស្សនវិជ្ជាស្នងដំណែងពីឪពុករបស់ខ្លួន ។ មុខមាត់ រូបរាង កំពស់កំព
ដូចគ្នាខ្លាំងណាស់ឪពុកកូនទាំង២នេះ រួមទាំងអត្តរិតផងដែរ ស្លួតបូត
ចេះជួយយកអាសារអ្នកដទែ សប្បុរស និងមិនងាយចុះចាញ់នឹងរឿងអ្វីមួយដោយងាយៗនោះទេ ។
សព្វថ្ងៃនេះ វុត្ថាជាកូនកំព្រា ពីព្រោះឪពុកគេបានចែកឋានទៅហើយកាលពី២ឆ្នាំមុន ។ វុត្ថាបានរៀបរាប់ពីប្រវត្តិនៃការជួបគ្នារបស់ឪពុកម្តាយរបស់វា និងមូលហេត ដែលបណ្តាលឲ្យឪពុកគេត្រូវចាកលោកនេះយ៉ាងឆាប់រហ័សយ៉ាងដូចនេះថា៖
ឪពុកខ្ញុំឈ្មោះរ៉ា
វិន គាត់ជាមនុស្សគំរូម្នាក់របស់ខ្ញុំ គាត់បានបង្រៀនខ្ញុំឲ្យចេះជួយគេជួយឯង
បើចិត្តឲ្យទូលាយ
ដោយឧស្សាហ៍លើកយកសម្តីមួយប្រយោគដែលខ្ញុំមិនអាចបំភ្លេចរហូតមកដល់សព្វថ្ងៃថា
បើសិនជាពួកយើងជាសត្វជ្រូកទាំងអស់គ្នា
ហេតុអ្វីបានជាជ្រូកមួយក្បាលមិនងាប់បានដើម្បីសុភមង្គលជ្រូករាប់ពាន់ក្បាលឯទៀត?
គាត់ជំនះច្រើនណាស់មុននឹង
ឈោងចាប់យកអាជីពគ្រូបង្រៀនទស្សនវិជ្ជានេះ
គឺថាតាយាយរបស់ខ្ញុំចង់ឲ្យគាត់ក្លាយជាវេជ្ជបណ្ឌិតម្នាក់
មិនមែនមកធ្វើជាគ្រូបង្រៀននោះទេ តែទោះជាមានការបង្ខំ ស្តីបន្ទោស
ដាក់សម្ពាធយ៉ាងណាក៏គាត់នៅតែមិនយល់ព្រមដែរ ដោយអោយហេតុផលដដែលៗថា៖ ខ្ញុំចង់ជួយគេ
ហើយការជួយគេពិតប្រាកដ គឺការជួយផ្តល់ចំណេះដឹងមិនមែនការជួយផ្តល់ជាលុយកាក់សម្ភារៈប្រើប្រាស់ផ្សេងៗអីនោះទេ
។ ពិតដូចជាការប៉ងរបស់គាត់មែន
អស់លទ្ធភាពប្រឆាំងតាយាយរបស់ខ្ញុំបានយល់ព្រមអោយគាត់រៀនខាងផ្នែកទស្សនវិជ្ជា
និងលើកទឹកចិត្តគាត់រហូតគាត់បានបញ្ចប់ការសិក្សាដោយជោគជ័យ ។
គ្រានោះគ្មានទេអនុបណ្ឌិតផ្នែកទស្សនៈ ដូច្នេះគាត់បានត្រឹមតែបន្តគរុកោសល្យ
១ឆ្នាំទៀតប៉ុណ្ណោះ
រួចក៏ប្រឡងចូលក្របខ័ណ្ឌរដ្ឋដើម្បីក្លាយជាគ្រូទស្សនវិជ្ជានៅតាមវិទ្យាល័យ ។ ឧបសគ្គទី
២ របស់គាត់ក៏ចាប់កើតឡើង គឺឈ្មោះរបស់គាត់ត្រូវជាប់នៅវិទ្យាល័យមួយក្នុងទីរួមខេត្តមួយ
ដែលធ្វើអោយតាយាយខ្ញុំមិនសប្បាយចិត្ត និងមិនចង់អោយគាត់ទៅរស់នៅឆ្ងាយតែ
ម្នាក់ឯងនោះទេ
ណាជីវភាពនឹងមិនអាចធូរធារឡើយក្នុងអាជីពគ្រូបង្រៀននេះ ។ ដូចតែរាល់ៗលើកអញ្ចឹង
គ្មានអ្វីអាចមករារាំងការសំរេចចិត្តរបស់ឪពុករបស់ខ្ញុំបានឡើយ
ដែលទីបំផុតគាត់បានផ្លាស់ទៅរស់នៅទីនោះតែម្នាក់ឯង ដោយជួលផ្ទះអ្នកភូមិស្រុកនៅ ។
គាត់បង្រៀនពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២
ហើយរៀងរាល់ល្ងាចគាត់បានឆ្លៀតបង្រៀនភាសាអង់គ្លេស ដើម្បីរកកំរៃបន្ថែមដែលជាប្រាក់សន្សំទុកសម្រាប់យកទៅទិញសៀវភៅអានល្អៗជាច្រើនដូចជា
សៀវភៅរឿងនិទានសៀវភៅភាសាអង់គ្លេស និងសៀវភៅបណ្តុះគំនិតតាមបែបទស្សនវិជ្ជាជាដើម
ដើម្បីទុកអោយក្មេងៗក្នុងភូមិអានពង្រីកចំណេះដឹង នៅពេលពួកគេទំនេរពីសាលា
ដូន្នេះទើបគាត់ត្រូវជួលបន្ទប់មួយបន្ថែមទៀតរួចដាក់ឈ្មោះថា ផ្ទះអាន ។
ពុកខ្ញុំស្នាក់នៅតាំងពីបង់ថ្លៃផ្ទះរហូតដល់មិនថ្លៃផ្ទះ
ដោយយាយតាម្ចាស់ផ្ទះស្រសាញ់ចូលចិត្តការឧស្សាហ៍ព្យាយាម និងសន្តានចិត្តដ៏ល្អរបស់ពុក
ទើបពួកគាត់ទាំងពីរចាត់ទុកគាត់ដូចជាកូនម្នាក់អញ្ចឹងហើយមិនយកលុយកាក់អីទេហើយថែមទាំងជួយទំនុកបំរុងពេលខ្វះខាតថែមទៀតផង ។ នៅទីនោះហើយដែលពុកបានជួបនឹងម៉ែគឺនៅថ្ងៃឈប់សម្រាកពីការបង្រៀន
គាត់បានដើរផ្សាររកមើលទិញសម្ភារៈប្រើប្រាស់ដែលមានទាំងសំលៀកបំពាក់ផងដែរ មា្តយជាអ្នកលក់ឪពុកជាអ្នកទិញ
ទាំង២នាក់បានតថ្លៃគ្នាទៅវិញទៅមករាប់ម៉ោងទើបត្រូវថ្លៃ
ការពិតទៅពុកគ្រាន់តែយកលេសចង់នៅចែចង់ម៉ែតែប៉ុណ្ណោះ ។ រាប់អានគ្នា
និងទាក់ទង់គ្នាអស់រយៈពេលជិត៣ឆ្នាំទើបពួកគាត់យល់ចិត្តគ្នា ហើយបានរៀបការជាមួយគ្នា
និងបានបង្កើតខ្ញុំ២ឆ្នាំក្រោយពីនោះ ។
ឥឡូវខ្ញុំសូមនិយាយពីមូលហេតុដែលបណ្តាលអោយគាត់ទៅចោលពួកយើងយ៉ាងឆាប់រហ័សយ៉ាងនេះ
៖
ដូចដែលបានប្រាប់ហើយអំពីរាល់សកម្មភាពមនុស្សធម៌របស់គាត់
ប៉ុន្តែរាល់អំពើល្អមិនមែនសុទ្ធតែមានការគាំទ្រនោះទេនៅតែមានអ្នកភូមិខ្លះមិនពេញចិត្តសកម្មភាពរបស់គាត់
ដោយតែងតែតាមចំអកមាក់ងាយ ហើយចោទថាពុកធ្វើពុតជាចិត្តល្អ
ដើម្បីទាក់ទាញចិត្តអ្នកភូមិអោយស្រលាញ់ប៉ុណ្ណោះ និងតាមបន្ទុចបង្អាក់គាត់ជាញឹកញយ
តាយរយៈការដើរបញ្ចុះបញ្ចូលឪពុកម្តាយរបស់សិស្សទាំងនោះកុំអោយអនុញ្ញាតអោយកូនៗពួកគេមកមើលសៀវភៅ
និងរៀនភាសាអង់គ្លេសជាមួយពុកឡើយ
។ ម៉ែក៏បានដឹងពីរឿងនេះដែរ នឹងតែងទទូចជាញយៗអោយគាត់ឈប់ធ្វើកិច្ចការអស់ទាំងនោះទៀតទៅ
យាយតាម្ចាស់ផ្ទះក៏មានគំនិតដូចម៉ែ
អញ្ចឹងដែរ នាំតែអោយគេស្អប់នោះទេ តែលទ្ធផលគឺ មិនបានការរាល់តែលើកដោយពុកនៅតែជំនះធ្វើវាដដែលលើសពីនេះគាត់បានថាអោយក្រុមមនុស្សទាំងនោះធ្ងន់ៗថាមិនក្រទេទ្រព្យសម្បត្តិតែក្រណាស់សេចក្តីល្អ ។
មិនត្រឹមតែនៅតែជំនះធ្វើនោះទេ
បានថែមទាំងពង្រីកសកម្មភាពថែមទៀត ដូចយ៉ាង
បង្កើតវគ្គសិក្សាខ្លីៗសម្រាប់ពង្រឹងការគិតរបស់សិស្សៗ
មួយចំនួនដែលខ្ញុំនៅចាំបានមានដូចជា ការអភិវឌ្ឍន៍ខ្លួនឯង អំណាចនៃការគិត
ការអប់រំខួរក្បាល បុព្វហេតុនៃការរស់...។ ទង្វើនេះ
ហាក់ដូចជាការបញ្ឈឺដល់ក្រុមមនុស្សដែលស្អប់គាត់បន្ថែមទៀតកាន់តែឃាត់កាន់តែមានៈធ្វើនៅពេលដែលយល់ថា វាជារឿងដែលត្រឹមត្រូវ នេះជាអត្តរិតរបស់ពុក
។ តាយាយម្ចាស់ផ្ទះ និងម៉ែបានប្រាប់ការពិតពីមូលហេតុ ដែលពួកទាំងនោះស្អប់ពុកថា
មកពីគេខ្លាចថាប្រជាប្រិយភាពរបស់ពុកចេះតែកើនឡើងនិងប្រជាពលរដ្ឋក្នុងភូមិស្រុកចេះតែស្រលាញ់ចូលចិត្តដែលអាចថ្ងៃណាមួយគេអាចជ្រើសរើសគាត់ជាមេភូមិ
ឬមេឃុំជាដើម ដោយសារតែទឹកចិត្តស្មោះត្រង់ និងគំនិតឆ្នៃប្រឌិតដ៏ភ្លឺថ្លា
ដែលនាំទៅរកការអភិវឌ្ឍន៍រីកចំរើនទាំងជីវភាព
និងចិត្តគំនិតរបស់ប្រជាពលរដ្ឋក្នុងភូមិដែលផ្តោតទៅលើការអប់រំជាចំបងរបស់គាត់ ។
ខ្ញុំនៅចាំបានថា
គឺនៅយប់ថ្ងៃមួយ
ជាពេលដែលពុកត្រឡប់មកពីចូលរួមក្នុងពិធីអាពាហ៍ពីពាហ៍របស់អ្នកជិតខាងក្នុងភូមិ
គាត់ត្រូវបានក្មេងស្ទាវមួយក្រុមស្ទាក់វាយធ្វើបាប ឈាមមុខឈាមមាត់
និងរបួសយ៉ាងទំងន់ដែលត្រូវដេកសំរាកព្យាបាលអស់រាប់ខែ ដោយមិនដឹងថា
មូលហេតុអីបានជាពួកគេមករករឿងគាត់ឡើយ ។ គាត់បានពឹងអោយមិត្តភ័ក្ត្រជាគ្រូដូចគ្នា
ជាអ្នកនៅមើលការខុសត្រូវ ប៉ុន្តែមិត្តគាត់នោះមិនបានយកចិត្តទុកដាក់ប៉ុន្មានទេ
ដែលនាំអោយភាពគ្មានរបៀប និងគ្មានវិន័យក៏កើតមានឡើង ដូច្នេះពុកត្រូវបង្ខំចិត្តបិទផ្ទះអាន
ឯការបង្រៀងផ្សេងៗទាំងភាសាអង់គ្លេស និងវគ្គខ្លីក៏គ្មានទៀតឡើយ ។
ទឹកមុខស្រងូតស្រងាត់ប្រកបដោយភាពអស់សង្ឃឹម
ការបាក់ទឹកចិត្តបានធ្វើឲ្យពុកស្រកទម្ងន់ជាខ្លាំង ឯមុខរបួសរបស់ចេះតែក្លាយ
ពីមួយថ្ងៃទៅមួយថ្ងៃ មិនព្រមជាសះស្បើយសោះ ។ គាត់មិនសូវឃ្លានបាយឃ្លានទឹក
ហើយតែងនិយាយតែម្នាក់ឯងជារឿយៗ ហើយតែងសួរអ្នកនៅក្នុងផ្ទះ
និងអ្នករាល់គ្នាដែលមកសួរសុខទុក្ខគាត់ថា តើខ្ញុំខុសអ្វី? តើខ្ញុំខុសអ្វី?
អាការៈកាន់តែធ្ងន់ធ្ងរឡើងៗ
ហើយគាត់ចេះតែប្រកែកមិនទៅព្យាបាលនៅមន្ទីរពេទ្យឡឡើយ
ដែលបណ្តាលអោយរូបរាងគាត់ស្គមស្គាំង គ្មានកម្លាំងគ្មានកំហែង
និងគ្មានសង្ឃឹមថានឹងអាចរស់រានមានជីវិតបានយូរទៀតឡើយ ក៏ព្រោះតែគាត់មានជម្ងឺតេតាណូស
និងជម្ងឺផ្លូវចិត្តជាទម្ងន់ ។ នៅពេលដែលពុកហៀបនឹងដាច់ខ្យល់ចែកឋានទៅ
គាត់បានហាមាត់ហបៗឲ្យខ្ញុំទៅជិតហើយហុចក្រដាសមួយសន្លឹកមកអោយខ្ញុំដោយលើក្រដាសនោះមានសរសេរថាយើងធ្វើសេចក្តីល្អមិនបាច់អោយនរណាដឹងនោះទេ
គឺយើងដឹងតែម្នាក់ឯង គឺវាគ្រប់គ្រាន់ហើយកូនប្រុស ។ ទាំងនេះជាសម្តីរបស់វុត្ថានៅពេលដែលគេមិនទាន់ក្លាយជាមនុស្សបាត់បង់ការចង់ចាំ
រឺមនុស្សវិកលចរិត ហើយខាងក្រោមនេះគឺជាការរៀបរាប់
ពីមូលហេតុដែលបណ្តាលអោយគេក្លាយជាមនុស្សបែបនេះ ។
វគ្គទី ២
ឆ្នាំដែលឪពុកវុត្ថា
បានចាកលោកនោះ វាគឺជាឆ្នាំចុងបញ្ចប់នៃការសិក្សានៅសកលវិទ្យាល័យរបស់គេ
ដែលជាចំនោទស្មុគស្មាញមួយរបស់វុត្ថា ថាតើគេគួរតែបន្តថ្នាក់អនុបណ្ឌិតតទៅមុខទៀត
ឬមួយរៀនបន្ថែមគរុកោសល្យមួយឆ្នាំទៀត រួចត្រឡប់ទៅបង្រៀន និងរស់នៅជាមួយម្តាយនៅឯស្រុកវិញ
ឬយ៉ាងណា? ចិត្តបន្តថ្នាក់អនុបណ្ឌិត
មិនសូវមានប៉ុន្មានទេព្រោះមិនចង់ចំណាយពេលច្រើនតទៅមុខទៀត
ណាត្រូវដោះស្រាយបញ្ហាជីវិតផង ចំណែកការត្រឡប់ទៅស្នងបន្តការងាររបស់ឪពុកបានទាក់ទាញចិត្តគេជាខ្លាំង
។ កាន់តែនឹកដល់ពាក្យសំដី
និងសកម្មភាពរបស់ឪពុកខ្លួនកាលណាកាន់តែធ្វើឲ្យគេពេញចិត្តឡើង
ហើយនៅសោកស្តាយជាខ្លាំង មិនគួរណាវាត្រូវបានបញ្ចប់ទៅក្នុងសភាពបែបនេះសោះឡើយ និងមានចិត្តចង់បន្តធ្វើកិច្ចការទាំងនោះឲ្យបានយូរអង្វែងតទៅមុខទៀត
ដើម្បីបំពេញបំណងឪពុក ។
ក្តីស្រមៃនេះ
មិនទទួលបានការគាំទ្រពីម្តាយខ្លួនឡើយ
ព្រោះគាត់មិនចង់ឲ្យវុត្ថាមានវាសនាដូចឪពុកខ្លួន
ដោយគាត់បានបង្ខំឲ្យវុត្ថានៅបន្តរៀនថ្នាក់អនុបណ្ឌិតតទៅទៀត ហើយគាត់នឹងលក់ស្រែលក់ភ្លឺ
ជាកេរ្តិ៍ដូនតាខ្លះឲ្យរៀន មិនឲ្យត្រឡប់មកធ្វើការនៅឯស្រុកវិញទេ
ក្រោយពេលរៀនចប់ស្វែងរកការងារធ្វើនៅទីនោះទៅ
។ មិនអាចប្រកែកបាន វុត្ថាក៏យល់ព្រមតាមម្តាយ
តែការយល់ព្រមនេះគឺធ្វើឡើងនៅតែនឹងមុខតែប៉ុណ្ណោះ គឺគេបានយកលុយ
ដែលម្តាយផ្ញើរមកយកទៅរៀនថ្នាក់គរុកោសល្យ ដែលចំណាយពេលអស់តែ១ឆ្នាំប៉ុណ្ណោះ
ហើយសល់ពេញ១ឆ្នាំទៀត គេបានធ្វើការស្ម័គ្រចិត្តនៅតាមអង្គការនានាដូចជា
អង្គការសង្គ្រោះកុមារកំព្រា អង្គការសង្គ្រោះក្មេងតាមចិញ្ចើមថ្នល់
អង្គការយុវជនជាដើម ដើម្បីទុកជាមេរៀនសម្រាប់អនុវត្តន៍ពេលត្រឡប់ទៅស្រុកវិញ ។
២ឆ្នាំបានកន្លងផុតទៅយ៉ាងឆាប់រហ័ស
ជាពេលដែលវុត្ថាត្រូវប្រឈមនឹងការពិត ជាមួយនឹងអ្វីដែលហៅថា បុព្វហេតុនៃជីវិតរបស់ខ្លួន
។ បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរបានចូលមកដល់
និស្សិតដែលមកបន្តការសិក្សានៅទីក្រុងទាំងអស់ បានត្រឡប់ទៅភូមិស្រុកកំណើតគេ
តែរៀងៗខ្លួន ជួបជុំក្រុមគ្រួសារអបអរសាទរពិធីបុណ្យជាតិនេះ ។ មិនខុសពីនិស្សិតផ្សេងៗទៀតដែរ
វុត្ថាក៏ត្រឡប់ទៅផ្ទះជាមួយនឹងអំណោយសម្រាប់ជូនម្តាយជាទីគោរព
និងជាទីស្រលាញ់របស់ខ្លួន ក្នុងឱកាសចូលឆ្នាំថ្មីនេះ ។ ក្រោយពីបានសប្បាយរីករាយ
ដោយយកចង្ហាន់ទៅវត្ត លេងល្បែងប្រជាប្រិយ រាំលេងកំសាន្តនៅតាមវត្ត
និងដើរកំសាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តជាមួយមិត្តភ័ក្ត្រចាស់ៗ
ដែលរៀននៅវិទ្យាល័យជាមួយគ្នា និងមិត្តភ័ក្រ្តជិតខាងផ្ទះអស់រយៈពេលពេញ៣ថ្ងៃរួចមក
វុត្ថាបានសម្រេចចិត្តថា នឹងប្រាប់ការពិតគ្រប់យ៉ាងដល់ម្តាយ ទាំងការរៀនសូត្រ
និងគោលបំណងដែលខ្លួនចង់ធ្វើបន្តពីឪពុករបស់ខ្លួន ។
ក្រោយបាយល្ងាចរួចមក វុត្ថាបានចាប់ផ្តើមជាមួយនឹងសំនួរ៣
ទៅកាន់ម្តាយៈ
សំនួរទី១ តើម៉ែអនុញ្ញាតឲ្យកូនទៅធ្វើជាទាហាន
ឬទេ បើសិនណាប្រទេសយើងកើត សង្គ្រាម
ហើយរដ្ឋត្រូវការយោធាជាចាបាច់ ដើម្បីទៅប្រយុទ្ធតតាំងនឹងសត្រូវនោះ?
សំនួរទី២ បើម៉ែមានប្តីជាយោធា
ហើយប្រទេសមានចលាចលកើតសង្គ្រាម ដែលគេត្រូវ
បញ្ចូនប្តីរបស់ម៉ែ ទៅធ្វើជាទ័ពស្រូច ទាហានជួរមុខត្រៀមប្រយុទ្ធប្រឈមនឹងការស្លាប់គ្រប់នាទី
បើសិនជាមានការធ្វេសប្រហែស តើយល់ព្រមឲ្យប្តីម៉ែទៅឬទេ?
សំនួរទ៣ បើសិនណាម៉ែគឺជានិស្សិតពេទ្យម្នាក់
ដែលនឹងបញ្ចប់ការសិក្សាថ្នាក់វេជ្ជបណ្ឌិតនៅឆ្នាំក្រោយ ចៃដន្យអីប្រទេសយើងមានសង្គ្រាមកើតឡើងហើយត្រូវការគ្រូពេទ្យស្ម័គ្រចិត្ត
ដែលនឹងទៅសមរភូមិជួយព្យាបាលទាហានដែលរងរបួស និងជនភៀសសឹកដែលងាយរងគ្រោះជាដើម
តើម៉ែយល់ព្រមទៅដែរឬទេ?
គិតទៅមើល៎!!! ថាតើម្តាយវុត្ថាឆ្លើយយ៉ាងដូចម្តេច
បើគាត់មានកូនប្រុសតែម្នាក់យ៉ាងនេះ?
ចំលើយទី១ ម៉ែមានកូនប្រុសតែម្នាក់ប៉ុណ្ណោះ
បើម៉ែព្រមអោយកូនទៅដូចជាបញ្ជូនកូនខ្លួនឯងទៅស្លាប់អញ្ចឹង ម៉ែគិតថា
មានគ្រួសារអ្នកដទៃទៀតដែលគេមានកូនច្រើនជាងនេះ គួរតែបញ្ជូនទៅៗ
ព្រោះបើបាត់បង់កូនមួយគឺនៅមានសល់ផ្សេងទៀត
ចំលើយទី២ ប្តីធ្លាប់តែអោបជាប់នឹងទ្រូង
សាងអនុស្សាវរីយ៍ជាច្រើនជាមួយគ្នា ជាពិសេសមានកូនជាមួយគ្នាទៀត
បើអោយប្តីទៅចុះបើស៊យត្រូវគ្រាប់បាត់បង់ជីវិតទៅ សួរថាតើអោយកូនវារំពឹងនរណា
ហើយមានប៉ាឯណាហៅនឹងគេ?
ចំលើយទី៣ រៀនអស់ទាំងលុយៗ
ហើយមិនទាន់រកបានមកវិញសងឪពុកម្តាយផងណាខ្វះតែ១ឆ្នាំទៀតប៉ុណ្ណោះ
គឺបញ្ចប់ថ្នាក់សិក្សា ហើយអាចរកលុយចិញ្ចឹមជីវិតខ្លួនឯងផង
និងសាងគ្រូសារដ៏មានសុភមង្គលបានដោយងាយបានទៀត ។
បើចង់ទៅឪពុកម្តាយក៏មិនអនុញ្ញាតអោយទៅដែរ ព្រោះខ្លាចមានគ្រោះដល់ជីវិត
ដោយសារតែនៅសមរភូមិគ្មានសុវត្ថិភាពនោះទេ ចុះចៃដន្យអី ខ្មាំងបាញ់ចំទៅ
មិនអស់ជីវិតទាំងក្មេងខាតទទេៗ ។
មានហេតុមានផល ស្តាប់ទៅដឹងច្បាស់ថា
គាត់ជាមនុស្សអាត្មានិយម ខ្លាចស្លាប់គ្មានមនសិការជាតិអីសូម្បីតែបន្តិច
តែប្រើលេសនេះលេសនោះ មកកំបាំងអំពើស្មោកគ្រោករបស់ខ្លួន ធ្វើដូចគេមិនដឹង ។ សូមបើកវង់ក្រចកបន្តិចៈ
ថាពិតទៅសំណួរទាំង៣នេះក៏សួរទៅកាន់ ម្តាយ និងមនុស្សស្រីដែលស្រលាញ់ដែរ
ឯចំលើយគឺដូចគ្នាណាស់ នឹងចំលើយរបស់ម្តាយវុត្ថា មិនដឹងថា ការគិតរបស់ពួកគាត់ដែលជាស្រ្តីខ្មែរយ៉ាងណានោះទេបច្ចុប្បន្ននេះ
សូមសាកល្បងមើល៎ តើម្តាយនិងមិត្តស្រីរឺប្រពន្ធរបស់អ្នក មានការយល់បែបនេះដែរ
ឬយ៉ាងណា? តែសូម
ប្រាប់នៅទីនេះអ៊ីស្រាអែល
មិនថាស្រីមិនថាប្រុសនោះទេ អោយតែដល់អាយុ១៨ឆ្នាំ ត្រូវចូលសាលាយោធាទាំងអស់គ្នា
កាន់កាំភ្លើងដូចគ្នា ការពារប្រទេសជាតិទាំងអស់គ្នា ។ សូមបិទវងក្រចក
ក្រោយពីស្តាប់ចំលើយរបស់ម្តាយខ្លួន
វុត្ថាបានដឹងច្បាស់ណាស់ពីចិត្តដ៏ចង្អៀតចង្អល់របស់ម្តាយខ្លួន
ប៉ុន្តែមិនហ៊ានវាយតម្លៃនៅចំពោះមុខគាត់ទេ មានតែបណ្តោយតាមនឹងទៅ ។ ប្រាប់នៅតែបា្រប់
វុត្ថាបានមើលចំមុខម្តាយ រួចនិយាយថា៖ ម៉ែខ្ញុំមានរឿងមួយចង់ប្រាប់ម៉ែបន្ទាប់គេក៏រាយរ៉ាប់ប្រាប់ទាំងអស់
ទាំងការលួចទៅរៀនធ្វើជាគ្រូ និងគំរោងការដែលធ្វើនៅក្នុងភូមិស្រុកបន្តពីឪពុក ។
លឺរឿងទាំងនោះហើយម្តាយវុត្ថាខឹងជាខ្លាំង តែខំសង្កត់ចិត្តកំហឹង
រួចសួរទៅកូនដោយសម្តីអួលដើមកថា ហេតុអីបានកូនធ្វើបែបនេះ? វុត្ថាក៏ឆ្លើយមួយៗទៅម្តាយថា
បើសិនជាកូនមិនខិតខំប្រឹងប្រែងដើម្បីខ្លួនឯងទេ គ្មាននរណាគេនឹងមកខំជួសកូននោះទេ
ប៉ុន្តែបើកូនខំប្រឹងសម្រាប់តែខ្លួនឯងតែម្នាក់គត់នោះ តើកូនគឺជាស្អីទៅវិញទៅម៉ែ? កូនមិនដឹងថា
នឹងនិយាយប្រាប់ម៉ែថាយ៉ាងម៉េចនោះទេ តែកូនពិតជាចង់ជួយពួកក្មេងៗទាំងនោះណាស់ កូនមិនចង់ឃើញពួកគេក្លាយជាកម្មករសំណង់
កម្មការិនីរោងចក្រ ពលករឆ្លងដែនទៅធ្វើការនៅក្រៅប្រទេសនោះទេ គឺកូនចង់អោយពួកគេ
ក្លាយជាវេជ្ជបណ្ឌិត វិស្វករ បុគ្គលិកក្រុមហ៊ុនធំៗប្រើភាសាអង់គ្លេស បុគ្គលិកធានាគារ
ម្ចាស់កសិដ្ឋាន ម្ចាស់ចំការជាដើម តើវាមិនអាចឬម៉ែ? តែវាមិនអាចទៅរួចទេ
ព្រោះឯងគ្រាន់តែជាគ្រូកំប៉ិកកំប៉ុកប៉ុណ្ណោះ ហើយឯងមានឃើញបទពិសោធន៍របស់ឪពុកឯងទេ
តើគាត់ត្រូវបាត់បង់ជីវិតដោយរបៀបណា? ម៉ែនៅសល់តែឯងម្នាក់គត់
ដូច្នេះម៉ែដាច់ខាតមិនអោយឯងទៅធ្វើរឿងជួយគេអីទៀតនោះទេ ។
និយាយអស់ពេលយ៉ាងយូរវុត្ថាមិនដឹងជាលើកហេតុផលអ្វីមកពន្យល់បន្ថែម ក៏ឈប់ជជែកសុំម្តាយទៅដេកមុនបាត់ទៅ
។
មួយសប្តាហ៍ក្រោយមក
វុត្ថាបានប្រាប់ម្តាយថា បើសិនម៉ែមិនអនុញ្ញាតអោយកូនមកធ្វើជាគ្រូបង្រៀននៅទីនេះ
និងធ្វើកិច្ចការជួយបង្ហាត់ក្មេងៗដូចដែលពុកធ្លាប់ធ្វើនោះទេ
កូនសុំម៉ែចូលបំរើកងទ័ពហើយ ព្រោះកូនមិនចេះទៅរកស៊ីអីក្រៅពីការងារបង្រៀនគេនោះទេ ។
លឺហើយ ម្តាយភ្ញាក់ ហើយសួរថាហេតុអី? ឯងដឹងថាការងារយោធាលំបាកទេ
ប្រថុយជីវិតណាស់ហើយមិនដឹងថាអនាគតនឹងទៅជាយ៉ាងណានោះទេ ម៉ែមិនអោយឯងទៅទេ ។ (សូមរង់ចាំអានវគ្គបន្ត)
ស្រង់ពីសៀវភៅ No one likes us (2nd-edition) ដោយបង វ៉ាន់ កនិដ្ឋ

No comments:
Post a Comment